
នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ នេះ លោក Ukrit Wongthongsalee ប្រធានសភាពាណិជ្ជកម្ម Chanthaburi បានចេញធ្វើសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីមានការបិទច្រកព្រំដែន Ban Laem ក្នុងស្រុក Pong Nam Ron និងច្រកព្រំដែន Ban Pakkad ក្នុងស្រុក Khlong Yai ខេត្ត Chanthaburi កាលពីថ្ងៃទី៧ ខែមិថុនា ម្សិលមិញ។
ថ្លែងទៅកាន់ Krungthep Turakij លោក Ukrit បានគូសបញ្ជាក់ថា ច្រកព្រំដែន Ban Laem និង Ban Pakkad គឺមានសារៈសំខាន់សម្រាប់ពាណិជ្ជកម្មនៅក្នុងខេត្ត Chanthaburi។
ព្រោះថា ប្រតិបត្តិការឆ្លងកាត់ព្រំដែនភាគច្រើនពាក់ព័ន្ធនឹងទំនិញប្រើប្រាស់ ផលិតផលកសិកម្ម និងចលនាអ្នកធ្វើដំណើរថៃ និងកម្ពុជា រួមទាំងកម្មករកម្ពុជាដែលធ្វើការនៅក្នុងរោងចក្រកែច្នៃផ្លែឈើក្នុងស្រុកផងដែរ។
ប្រធានសភាពាណិជ្ជកម្មថៃរូបនេះបានបន្តថា ការវាយតម្លៃនាពេលថ្មីៗនេះនៃពាណិជ្ជកម្មតាមព្រំដែនបានបង្ហាញថា ស្ថានភាពនៅតែមានស្ថិរភាព ដោយមិនមានផលប៉ះពាល់អវិជ្ជមានខ្លាំងណាមួយត្រូវបានគេសង្កេតឃើញរហូតមកដល់ពេលនេះ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Ukrit បានកត់សម្គាល់ថា ការអភិវឌ្ឍន៍នាពេលអនាគតនឹងត្រូវការការត្រួតពិនិត្យយ៉ាងដិតដល់ ដោយសារវិធានការរបស់រដ្ឋាភិបាល និងសន្តិសុខអាចផ្លាស់ប្តូរបរិយាកាសនៅព្រំដែន។
បន្ថែមពីនោះ លោក Ukrit ក៏បានព្រមានដែរថា ចំពោះការបិទច្រកព្រំដែនដែលអាចអូសបន្លាយរយៈពេលជាច្រើនខែ ទំនងជារំខានដល់ការធ្វើពាណិជ្ជកម្មឆ្លងព្រំដែន ដោយសារច្រកចូលទាំងនេះជួយសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្មជាប្រចាំ រវាងសហគមន៍ថៃ និងកម្ពុជា។
ហើយចំពោះក្តីបារម្ភចម្បងមួយគឺផលប៉ះពាល់ដល់កម្មករកម្ពុជាដែលបង្កើតបានជាង 80% នៃកម្លាំងពលកម្មនៅក្នុងរោងចក្រកែច្នៃផ្លែឈើនៅចាន់ថាបុរី។
សភាពាណិជ្ជកម្ម Chanthaburi បានអះអាងបន្ថែមថា ចំពោះប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនមិនគួរត្រូវបានបិទជាបណ្តោះអាសន្នទេ ព្រោះវាមិនជាប់ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងបញ្ហាសន្តិសុខដែលកំពុងកើតមាននៅក្នុងតំបន់ Chong Bok នៃខេត្ត Ubon Ratchathani។
គួរបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី៧ មិថុនា ម្សិលមិញនេះ យោធាថៃដែលប្រចាំការនៅតំបន់ព្រំដែនខេត្តស្រះកែវ បានសម្រេចបិទច្រកតំបន់និងច្រករបៀងរវាងព្រំដែនថៃនិងកម្ពុជាបណ្ដោះអាសន្នដោយឯកតោភាគី ដើម្បីរង់ចាំការចចារពាក់ព័ន្ធករណីជម្លោះវិវាទព្រំដែនគោករវាងថៃ-កម្ពុជា។
ពាក់ព័ន្ធនឹងការសម្រេចបិទជាឯកតោភាគីរបស់ថៃខាងលើ ក្នុងនោះយោងតាមការបង្ហោះលើបណ្ដាញសង្គមផ្លូវការរបស់ សម្ដេច តេជោ ហ៊ុនសែន បានធ្វើការបញ្ជាក់ថា "កងទ័ពថៃបានបិទច្រកប៉ោយប៉ែតជាឯកតោភាគីមុនម៉ោងកំណត់ គឺទុកឲ្យភាគីថៃទទួលខុសត្រូវ។ សម្រាប់ជនរួមជាតិកម្ពុជាត្រូវមានភាពចាស់ទុំថ្លៃថ្នូរ និងសូមកុំបង្កហេតុ។"
សម្ដេច តេជោ បានបន្ថែមថា "ប្រសិនបើគ្មានទំនិញថៃលើទីផ្សារកម្ពុជាមិនមែនមកពីកម្ពុជាពហិការ មិនប្រើទំនិញថៃនោះទេ តែជាលទ្ធផលនៃការបិទព្រំដែន ព្រោះបើបិទមនុស្សច្បាស់ជាបិទទាំងទំនិញ។"
សម្ដេចបានបញ្ជាក់បន្តថា "តាមតួលេខពាណិជ្ជកម្មឆ្នាំ២០២៤ កម្ពុជានាំទៅថៃជាង1.1ពាន់លានដុល្លារ ឯថៃនាំចូលមកកម្ពុជាជាង5.2ពាន់លានដុល្លារគឺថៃនាំចូលមកកម្ពុជាច្រើនជាង 4.1ពាន់ដុល្លារ។ សម្រាប់៥ខែដើមឆ្នាំនេះកម្ពុជានាំចេញទៅថៃជាង200លានដុល្លារ ឯថៃនាំចូលកម្ពុជាជាង1.5ពាន់លានដុល្លារ។ ក្នុងករណីទំនិញនាំចូលកម្ពុជាមិនបាន សូមប្រជាជនថៃដោះស្រាយជាមួយរដ្ឋាភិបាលរបស់ខ្លួនដោយខ្លួនឯង ព្រោះអ្នកដែលខាតគឺប្រជាជនថៃនោះឯង។"
ស្របគ្នានឹងការបញ្ជាក់របស់សម្ដេចខាងលើ ក្នុងនោះ សភាពាណិជ្ជកម្ម Chanthaburi ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់សេដ្ឋកិច្ចដ៏ច្រើននៃច្រកឆ្លងកាត់ទាំងនេះដែរ ដោយធ្វើការកត់សម្គាល់ថា ពាណិជ្ជកម្មតាមព្រំដែនប្រចាំឆ្នាំមានតម្លៃរាប់សិបពាន់លានបាត។
លោកបានចង្អុលបង្ហាញថា សូម្បីតែការបិទបណ្តោះអាសន្នដែលមានរយៈពេលពីមួយទៅច្រើនសប្តាហ៍ក៏អាចបណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ចលើសពីមួយពាន់លានបាតដែរ លោក Ukrit បានកត់សម្គាល់ថា "នៅក្នុងស្ថានភាពបែបនេះ ការប្រាស្រ័យទាក់ទងបើកចំហគឺចាំបាច់។
គួរតែមានការសន្ទនា និងការយល់ដឹងជាជាងការបង្កហេតុ ឬអរិភាព" ។ "ស្នេហាជាតិមាននៅក្នុងចំណោមពួកយើងទាំងអស់គ្នា ប៉ុន្តែសម្រាប់ប្រជាជនដែលកំពុងតស៊ូក្នុងស្ថានភាពសេដ្ឋកិច្ចដ៏លំបាកបែបនេះ ការញុះញង់បន្ថែមទៀតនឹងមិនធ្វើឱ្យស្ថានភាពប្រសើរឡើងនោះទេ។ ពាណិជ្ជកម្មត្រូវតែបន្ត"។
"សហគមន៍មូលដ្ឋានមិនមានបំណងចង់ឃើញជម្លោះកើតឡើងរវាងជនជាតិថៃ និងកម្ពុជាទេ ដោយសារភាគីទាំងពីរពឹងផ្អែកលើទំនាក់ទំនងពាណិជ្ជកម្មដែលកំពុងបន្ត។ ដូច្នេះច្រកព្រំដែនគួរតែនៅតែបើកចំហ ខណៈដែលអាជ្ញាធរសន្តិសុខវាយតម្លៃស្ថានភាព"៕
