
ខេត្តបន្ទាយមានជ័យ: កុំគិតថាគេយកលុយគេស្រួលៗនោះឃើញគេបាញ់លើសអីបាញ់ត្រឡប់ឲ្យម្ចាស់ដើម្បីវិញទៅកុំឲ្យដូចករណីនេះអី នៅថ្ងៃទី០៣ ខែមិថុនាឆ្នាំ២០២៥នេះ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី។
សមត្ថកិច្ចបញ្ជាក់ថានៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះរី រីណា ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិខ្លាកូនថ្មីសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្ដឹងចោទប្រកាន់ទៅលើឈ្មោះយុន ស៊ីវមិញ (អាម៉ី) ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិតាងបាល់ សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ស្តីពីករណីលួច(ប្រាក់តាមQRកូដធនាគារ) កាលពីវេលាម៉ោង០១ និង៤០នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នៅចំណុចភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណដោយជនរងគ្រោះបានបាញ់ប្រាក់ថ្លៃឈ្នួលម៉ូតូឌុបតាមរយៈQR កូដធនាគារវីងដែលមានឈ្មោះ SIVMINH YUN ដែលថ្លៃឈ្នួលម៉ូតូឌុបតែ១០,០០០រៀល តែជនរងគ្រោះច្រឡំបាញ់ទៅចំនួន១,០០០ដុល្លារពេលដែលម្ចាស់គណនីឈ្មោះ SIVMINH YUN ទទួលបានប្រាក់ហើយមិនព្រមប្រគល់ប្រាក់ឱ្យជនរងគ្រោះវិញ ហើយបានរត់គេចខ្លួន។
ក្រោយពីទទួលបានពាក្យបណ្ដឹងរួចកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ ឡេងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ យុន ស៊ីវមិញ(អាម៉ី) ភេទស្រី អាយុ៣២ឆ្នាំនៅចំណុចភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីធ្វើការសួរនាំនិងបានធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន(+)។
លោកវរសេនីយ៍ត្រី សុខ ឡេងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានទទួលលុយ១០០០ដុល្លាររបស់ជនរងគ្រោះពិតប្រាកដមែន ហេីយខ្លួនបានគេចខ្លួនយកលុយនោះទៅសងគេ និងលែងល្បែងអស់។
ដោយផ្អែកលំចម្លើយសារភាពកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេងប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែមិថុនាឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕