
រាជធានីភ្នំពេញ៖ ថ្ងៃប្រហស្បត្តិ៍ទី ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាត្តជូនតំណាងស្ថានទូតអាល្លឺម៉ង់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារបេសកកម្មធនាគាអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងសហភាពអ៊ឺរ៉ុប (EU) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនប្រតិភូ ទាំអស់អំពីចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តវេនពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៃកម្ពុជា ។ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ មានបាវចនាចំនួន ៥ គឺ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងគន្លឹះអាទិភាពចំនួន ៥ ទៀតរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តលើកឡើងអំពីសមិទ្ធផលនានាដែលសម្រេចបានកន្លងមក និងទិសដៅអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈចក្ខុវិស័យ “ការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ធានាបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរឡើង។ ក្នុងនោះក្រសួងបានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៥ រួមមាន៖ (ទី១)ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់, (ទី២)ការលើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទ,(ទី៣) ការអភិវឌ្ឍសហគមន៍ជនបទ (ទី៤)ពិពិធកម្មសេដ្ឋកិច្ចជនបទ និងនវានុវត្តន៍ការងារ និង(ទី៥)ការពង្រឹងស្ថាប័នតាមរយៈការរៀបចំគោលនយោបាយ ហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយដៃគូអភិវឌ្ឍន៍នានា ជាពិសេសជាមួយ KfW, AFD, EU កន្លងមក ដែលបានគាំទ្រយុទ្ធសាស្រ្តអាទិភាពទាំង ៥របស់ក្រសួង ដើម្បីអភិវឌ្ឍន៍តំបន់ជនបទកម្ពុជាឱ្យមានការរីកចម្រើន។
លោក Gidon Windecker តំណាងស្ថានទូតអាល្លឺម៉ង់បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាត្តជូនលោក និងប្រតិភូបានជួបសំណេះសំណាង និងពិភាក្សាការងារនាពេលនេះ។ លោកក៏បានលើកឡើងថាកម្ពុជា និងអាល្លឺម៉ងមានទំនាក់ទំនងការទូតជាមួយគ្នា ៣២ ឆ្នាំមកហើយ ដោយភាគីអាល្លឺម៉ងបានផ្តល់ជាហិរញ្ញប្បទានសម្បទាន និងឥតសំណងមកកាន់កម្ពុជាក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ប្រមាណជាង ២ ០០០គ.ម, ស្ពានបេតុងចំនួន ៩២, ស្រះនិង អណ្តូងទឹកជាច្រើន។ បន្ថែមពីនេះតាមរយៈគម្រោងកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) ក្រោមហិរញ្ញប្បទានរបស់ KfW, AFD និង EU ផ្លូវដែលធន់និងការប្រែប្រួលអាកាសធាតុបានប្រមាណជាង ៥២០ គីឡូម៉ែត្រទៀត នឹងត្រូវបានស្ថាបនា។ លោកក៏បានធ្វើការថ្លែងអំណរគុណចំណោះក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អក្នុងការអនុវត្តគម្រោង។ ក្នុងន័យនេះលោក Gidon Windecker បានលើកឡើងទៀតថារដ្ឋាភិបាលនៃសហព័ន្ធអាល្លឺម៉ង់ ក៏ដូចជាសហគមន៍ អឺរ៉ុប នៅតែបន្តគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែមានភាពស្អិតរមួតបន្ថែមទៀត។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកជាសំណូមពរជូនដល់ដៃគូរអភិវឌ្ឍន៍ដែលអញ្ជើញមកនាពេលនេះ ពិនិត្យលើលទ្ធភាពក្នុងការគាំទ្រលើការស្នើគម្រោងកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជាជំហាន២ ដោយបញ្ចូលការបណ្តុះបណ្តាលជំនាញបច្ចេកទេស, ការគាំទ្រលើប្រព័ន្ធឌីជីថលសម្រាប់គ្រប់គ្រងបញ្ជីសារពើភណ្ឌផ្លូវជនបទ, ក៏ដូចជាថវិកាបដិភាគសម្រាប់ថែទាំផ្លូវក្រោយបញ្ចប់គម្រោងផងដែរ។ ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះស្ថានទូតអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារបេសកកម្មធនាគាអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងសហភាពអ៊ឺរ៉ុប (EU) ដែលបានអញ្ជើញមកនាពេលនេះ និងថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការនាពេលអនាគត៕

