
កំពត៖ អភិបាលរងស្រុកជុំគិរី ខេត្តកំពត លោក ហេង ងួនស៊្រុន បានលួចរៀបការប្រពន្ធថ្មី ខណៈមិនទាន់លេងលះដាច់ស្រឡះជាមួយជាមួយប្រពន្ធដើម ត្រូវអតីតប្រពន្ធចូលទៅអុកឡុកផ្អើលពេញរោងការ ពេលនេះរដ្ឋបាលខេត្ត បានស្នើទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីដាក់ពិន័យ រដ្ឋបាលខេត្តកំពត បានបញ្ជាក់ថា៖ កាលពីយប់ថ្ងៃទី០២ ខែមិថុនា និងថ្ងៃបន្ទាប់ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន ផ្សព្វផ្សាយថា «អភិបាលរងស្រុកជុំគិរី លោក ហេង ងួនស៊្រុន បានលួចទៅរៀបការប្រពន្ធថ្មី ទាំងដែលមិនទាន់លែងលះជាមួយប្រពន្ធដើមដាច់ស្រេច ហើយគ្រួសារប្រពន្ធដើមតាមទាន់ឈ្លោះគ្នាផ្អើលឆោឡោពេញរោងការ»។
ជុំវិញករណីនេះ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី០៣ ខែមិថុនា បានចេញសេចក្តីប្រកាសព័ត៌មាន ដោយចាត់ទុកថា៖ «ករណីអភិបាលរងស្រុកជុំគិរី ហេង ងួនស៊្រុន បានប្រព្រឹត្តអំពើធ្វើឲ្យប៉ះពាល់ទៅលើសេចក្តីថ្លៃថ្នូរ កិត្តិយសផ្ទាល់ខ្លួនផង និងអង្គភាពផងដែរ»។
រដ្ឋបាលខេត្តកំពត មិនគាំទ្រដាច់ខាតចំពោះករណីនេះ ដែលមានចែងក្នុងច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល។ រដ្ឋបាលខេត្តកំពត នឹងលើកសំណើទៅក្រសួងមហាផ្ទៃ ដើម្បីចាត់វិធានការវិន័យ ស្របតាមកំហុសឆ្គងដែលមន្ត្រីរូបនេះបានប្រព្រឹត្ត៕
