2025-06-05 11:19
24

ភ្នំពេញ៖ «ទិវា បរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ២០២៥ ក្រោមប្រធានបទ៖ “ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក” គឺជាការក្រើនរំឭក និងការអំពាវនាវមួយសម្រាប់យើងទាំងអស់គ្នាជាប្រជានុរាស្ត្រឱ្យរួមគ្នាធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវខ្ពស់»។  នេះ គឺជាព្រះរាជបន្ទូលរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្វទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្សតិ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២៥នេះ។

សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គមានព្រះរាជបន្ទូលថា៖ «ការដោះស្រាយបញ្ហានេះ មិនមែនជាការងាររបស់បុគ្គលណាម្នាក់ ឬស្ថាប័ន ណាមួយនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ វិស័យឯកជន អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន គ្រួសារនីមួយៗ និងបុគ្គលគ្រប់រូប ទាំងកម្រិត ជាតិ តំបន់ និងអន្តរជាតិ និងសូមបន្តផ្តល់នូវកិច្ចសហការគាំទ្រគ្រប់រូបភាពជាមួយក្រសួងបរិស្ថាន ក្នុងគោលបំណងសម្រេចបាននូវបេសកកម្មរួមគ្នា គឺពិភពលោកមានភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមទិសស្លោក “កម្ពុជាស្អាត ខ្មែរធ្វើបាន”។ 

ព្រះករុណាព្រះមហាក្សត្រមានព្រះរាជបន្ទូលថា៖ «ថ្ងៃនេះព្រះអង្គពិតជាមានហឫទ័យរីករាយឥតឧបមា ដោយបានចូលរួមប្រារព្ធពិធី “ទិវា បរិស្ថានជាតិ និង់បរិស្ថានពិភពលោក” ៥មិថុនា ២០២៥ ក្រោមប្រធានបទ៖ “ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក” ដ៏មានអត្ថន័យ ដែលកំពុងប្រព្រឹត្តទៅក្នុងបរិយាកាសដ៏មហោឡារិក នៅពហុកីឡដ្ឋាន ជាតិមរតកតេជោ រាជធានីភ្នំពេញដ៏ស្រស់បំព្រងនេះ»។

ព្រះមហាក្សត្រព្រះអង្គសូមយកឱកាសនេះ ថ្លែងអំណរគុណចំពោះប្រទេសជាមិត្ត និងអង្គការដៃគូ អភិវឌ្ឍន៍ជាតិនិងអន្តរជាតិ សង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ដែលបានចូលរួមដល់កិច្ចការពារ និងអភិរក្សបរិស្ថាន និងសូមអំពាវនាវឱ្យបន្តសកម្មភាពដ៏ថ្លៃថ្លាទាំងនេះ ដើម្បីជួយគាំទ្រ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីជាប្រយោជន៍ដល់ពិភពលោកទាំងមូល។

ជាថ្មីម្តងទៀត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមកោតសរសើរចំពោះសមិទ្ធផលដែលក្រសួងបរិស្ថាន សម្រេចបាន ហើយសូមលើកទឹកចិត្តថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់នៃក្រសួងបរិស្ថាន ដែលបានយកចិត្តទុកដាក់សហការយ៉ាងល្អប្រសើរជាមួយក្រសួងព្រះបរមរាជវាំង គណៈកម្មាធិការជាតិរៀបចំ បុណ្យជាតិ-អន្តរជាតិ សាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនាយើងនេះ ប្រកបដោយជោគជ័យ។ 

ខ្ញុំព្រះករុណា ខ្ញុំ សូមឧទ្ទិសឱ្យទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ស្ថិតក្នុងបេះដូង ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប និងក្លាយជាប្រពៃណីនៃការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការ គ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ។
 
ជាទីបញ្ចប់ ព្រះមហាក្សត្រនៃកម្ពុជា ព្រះអង្គសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ទេវតា រក្សាព្រះមហាស្វេតច្ឆត្រ ព្រះទសបារមី និងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមថ្វាយ-ប្រគេនព្រះពរ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងប្រសិទ្ធពរជ័យ ថ្វាយ-ជូន សម្តេច ព្រះអង្គម្ចាស់ ព្រះរាជវង្សានុវង្ស ឯកឧត្តម លោកជំទាវ ប្រិយមិត្តបរទេស និងជន រួមជាតិទាំងអស់ សូមបានប្រកបដោយពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ៕