
ភ្នំពេញ៖ លោករដ្ឋមន្ត្រី ហេង សួរ និងភរិយា រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃអាទិត្យ ទី០១ ខែមិថុនា ឆ្នាំ២០២៥នេះ បានបរិច្ចាគថវិកា ចំនួន ១១១,១១១,១១១ រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលផ្ដួចផ្ដើម និងដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា។
សូមបញ្ជាក់ថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលមានរយៈពេលពេញ ១ខែមិថុនានេះ គឺជាគំនិតផ្តួចផ្តើមដោយលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានគោលបំណងជំរុញចលនាកៀរគរថវិកាសប្បុរសធម៌ ឱ្យកាន់តែផុសផុល និងសកម្មបន្ថែមទៀត ពីគ្រប់មជ្ឈដ្ឋានទាំងអស់ក្នុងមហាចលនាមនុស្សធម៌របស់ជាតិ និងក្នុងស្មារតី “ខែ្មរជួយខ្មែរ” ដើម្បីរួមគ្នាគឺនាំក្តីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារដែលត្រូវការសេវាពិនិត្យ និងព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។
ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវ និងលើកទឹកចិត្តសប្បុរសជនក្នុងនិងក្រៅប្រទេសដែលមានបំណងចូលរួមនាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា សូមជួយផ្សព្វផ្សាយអំពីយុទ្ធនាការនេះតាមមធ្យោបាយរៀងៗខ្លួន និងចូលរួមបរិច្ចាគឱ្យបានទូលំទូលាយបន្ថែមទៀត៕

