
តាកែវ៖ កាលពីថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ២០២៥ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ក្នុងនាមតំណាងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារស្តារប្រឡាយមេរំដោះទឹកស្រះកែវ ស្ថិតនៅឃុំសូភី និងឃុំកុមារាជា ក្នុងស្រុកបាទី ខេត្តតាកែវ។
លោក ថាំង វីយុទ្ធដា បានលើកឡើងដឹងថា៖ «ការងារសំខាន់ៗរបស់គម្រោងស្តារប្រឡាយមេរំដោះទឹកស្រះកែវ រួមមាន៖ ១) ស្តារប្រឡាយមេរំដោះទឹកស្រះកែវ ប្រវែង ៤៦០០ ម៉ែត្រ និង ២) សាងសង់សំណង់សិល្បការ្យសរុបចំនួន ១៥ កន្លែង។ គិតរហូតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបាន ៧០% ហើយ»។
លោកប្រធាននាយកដ្ឋានវិស្វកម្មបានបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា «ប្រឡាយមេរំដោះទឹកស្រះកែវនេះគឺមានប្រភពទឹកពីប្រឡាយរលាំងជ្រៃខាងត្បូង ដែលមានសក្តានុពលជួយរំដោះទឹកជំនន់ពីផ្លូវជាតិលេខ៣នៅទីតាំងផ្សារត្រាំខ្នា ហើយភ្លឺប្រឡាយដើតួនាទីយ៉ាងសំខានជាផ្លូវគមនាគមន៍ដែលជួយកាត់បន្ថយការធ្វើចរាចរណ៍នៅទីតាំងផ្សារត្រាំខ្នា»។
លើសពីនេះ លោកប្រធាននាយកដ្ឋានវិស្វកម្មបានបញ្ជាក់ឱ្យដឹងថា «គម្រោងនេះនឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សា ចំនួន ១ ១២០ ហិកតា រដូវប្រាំង ចំនួន ៥៦០ ហិកតា និងដំណាំរួមផ្សំ ២០ ហិកតា ជូនដល់បងប្អូនប្រជាកសិករប្រមាណ ៣ ៩៩១ គ្រួសារ ក្នុងភូមិ ចំនួន ១០ នៃឃុំសូភី និងឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធាននាយកដ្ឋានវិស្វកម្ម ក៏បានណែនាំដល់ក្រុមការងារសាងសង់ឱ្យអនុវត្តការងារទៅតាមបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់ និងជំរុញអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក៕


