
ព្រះសីហនុ៖ រថយន្ត ម៉ាក FORD F150 មួយគ្រឿង ដែលបើកបរមិនគោរពច្បាប់វ៉ាជែងរេពេញផ្លូវ និងកៀរថយន្តអ្នកដំណើរតាមផ្លូវក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកែប ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋានគរបាលខេត្តព្រះសីហនុ ឃាត់បានហើយ។
តាមប្រភព័ត៌មានបានឱ្យដឹងថា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ នាព្រលប់វេលាម៉ោង ១៨និង១៥នាទី លើផ្លូវ១០០ ត្រង់ចំណុច វេទិកា៧មករា ស្នាក់នៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ បានឃាត់បានរថយន្ដ ០១ គ្រឿង ម៉ាក FORD F150 ពណ៌ស ពាក់ផ្លាកលេខកម្ពុជា SYA.0809 បើកបរដោយឈ្មោះ WANG YONGSEN ភេទប្រុស ឆ្នាំកំណើត១៩៨៩ ជនជាតិចិន មានបណ្ណបើកបរកម្ពុជា ប្រភេទ ខ(B) លេខB.00374820 ចុះថ្ងៃទី07-04-2025 សុពលភាពរយៈពេល១ឆ្នាំ ដែលពាក់ព័ន្ធនឹងករណីបើកបរវ៉ាជែង នៅរាជធានីភ្នំពេញ និងប៉ះរថយន្ដ ០១គ្រឿង នៅខេត្តកែប នាពេលកន្លងទៅថ្មីៗនេះ។
ការឃាត់រថយន្តខាងលើធ្វើឡើង បន្ទាប់មានការបង្ហោះចែកចាយឃ្លីបវីដេអូភិនភាគរថយន្តនោះ តាមបណ្តាញសង្គម ថាបានបើកបរល្បឿនលឿនវ៉ាជែងរេពេញផ្លូវ និងកៀរថយន្តជាច្រើននៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ក្នុងរាជធានីភ្នំពេញ និងខេត្តកែបរួចមក លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជារឲ្យកម្លាំងជំនាញពិនិត្យមើលតាមបណ្តាគោលដៅនានាទូទាំងខេត្តព្រះសីហនុ ប្រទះឃើញបង្ក្រាបតែម្តង។
សូមជម្រាបថា ក្រោយមានការបង្ហោះនូវរូបភាពវីដេអូសកម្មភាពរថយន្តនោះ បើកបរគ្មានគោរច្បាប់ចរាចរណ៍បែបនេះ ព្រហើន និងឈ្លើយគ្មានសីលធម៌បែបនេះ ក៏ផ្ទុះការរិះពេញបណ្តាញសង្គម និងមានមហាជនបានស្គាល់ថា រថយន្តនេះជារបស់លោកឧត្ដមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងនគរបាលរាជធានីភ្នំពេញ ប៉ុន្តែភ្លាមៗនោះមិនបានប៉ុន្មានផង លោកស្នងការរងបានអះអាងថា រថយន្ដ FORD F150 ពណ៌ស ពិតជារថយន្ដរបស់គាត់មែន តែគាត់បានលក់ឱ្យបន្តទៅឱ្យឈ្មោះ ឡេ សារ៉េន តាំងពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ដោយមានធ្វើលិខិតលក់-ទិញផ្ដិតមេដៃសាក្សីដឹងឭទុកជាឯកសារត្រឹមត្រូវ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា៖ «តាមចម្លើយអ្នកបើកបរ ឈ្មោះ WANG YONGSEN ជាជនជាតិចិន បានទទួលស្គាល់កំហុសគ្រប់បែបយ៉ាងដូចដែលផ្សាយតាមបណ្តាញសង្គម និងព្រមទទួលខុសត្រូវចំពោះការខូចខាតទៅលើរថយន្តផ្សេងៗដែលបានប៉ះពាល់ផងដែរ»។
បច្ចុប្បន្ន រថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បណ្តោះអាសន្ន ។
៕



