
(ស្វាយរៀង)៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងមានប្រាក់ឧបត្ថម្ភចំនួន២៨ម៉ឺនរៀលក្នុងមួយខែថែមទៀត។
លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានឱ្យដឹងថា អាហារូបករណ៍ទាំង១,២០០កន្លែងនេះ ត្រូវបានបែងចែកទៅតាមមុខជំនាញចំនួន៧ ដែលសុទ្ធតែមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារ ក្នុងនោះរួមមាន៖ (១).ជំនាញសេវាកម្មកុំព្យូទ័រ (២).ជំនាញថែទាំនិងជួសជុលរថយន្ត (៣).ជំនាញសេវាកម្មសម្អាងកាយ (៤).ជំនាញដំឡើងនិងថែទាំកាមេរ៉ាសុវត្ថិភាព (៥).ជំនាញដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ (៦).ជំនាញសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន និង(៧).ជំនាញថែទាំនិងជួសជុលអេឡិចត្រូនិក។ វិទ្យាស្ថានបើកទទួលពាក្យចូលសិក្សាចាប់ពីថ្ងៃនេះតទៅ និងចូលរៀននៅរៀងរាល់ដើមខែនីមួយៗ។
លោក មុត ចិន្តា បានអំពាវនាវដល់យុវជនគោលដៅទាំងពីរក្រុមខាងលើដែលចាប់អារម្មណ៍ក្នុងការដាក់ពាក្យ សូមទាក់ទងមកកាន់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ដែលមានទីតាំងនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង (ជិតរង្វង់មូលស្រះវង់) ឬទាក់ទងតាមរយៈទូរស័ព្ទលេខ៖ ០១២ ២៦៧ ៦៧៩ / ០៨៨ ៩៦៦ ៦០៧៩ / ០៨៩ ៤៣៦ ៦៩៣ / ០១០ ៥៤៧ ៧៧៨ / ០៨៨ ៦១៣ ២១២៣ / ០៨៨ ៩៥៣ ២៣៣៣ / ០៧១ ៩៩០ ៨៨៦៦។
លោកនាយកវិទ្យាស្ថានបានបន្តទៀតថា ក្រៅពីក្រុមយុវជនគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ វគ្គបណ្ដុះបណ្ដាលពិសេសនេះក៏បើកចំហសម្រាប់យុវជន និងប្រជាពលរដ្ឋទូទៅ រួមទាំងកម្មករ-កម្មការិនីផងដែរ ដែលអាចដាក់ពាក្យចូលសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈនេះបានដោយឥតបង់ថ្លៃដូចគ្នា គ្រាន់តែមិនទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពីរាជរដ្ឋាភិបាល។
គួរបញ្ជាក់ដែរថា ការផ្ដល់ជូនអាហារូបករណ៍នេះ គឺជាការអនុវត្តកម្មវិធីគោលនយោបាយបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមអាណត្តិដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិសដៅលើកកម្ពស់ជីវភាពយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ តាមរយៈការផ្ដល់ឱ្យពួកគេនូវជំនាញជាក់លាក់មួយ និងមានលទ្ធភាពទទួលបានប្រាក់ចំណូលសមរម្យ៕


