
ភ្នំពេញ៖ បុគ្គល០២នាក់ដែលគេស្គាល់ថាជាបងប្អូនបង្កើត និងសុទ្ធសឹងជាកងម្លាំងប្រដាប់អាវុធផងនោះ បានធ្វើសកម្មភាពយ៉ាងគឃ្លើនភ្ជួររាស់ ឈូសឆាយរំលោភលើដីរបស់ក្រុមហ៊ុនចិន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល រាប់រយហិតតា នៅចំណុច ភ្នំតូច ភ្នំធំ ក្នុងភូមិសាស្ត្រភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ជាពិសេសបានរបំពានលើ «សជណ» របស់រដ្ឋបាលខេត្តបាត់ដំបង និងក្រសួងមហាផ្ទៃ ដែលបានហាមឃាត់មិនឱ្យមានសកម្មភាពអ្វីសោះលើដីកំពុងមានទំនាស់ ដោយរង់ចាំគណៈកម្មការដោះស្រាយវិវាទដីធ្លី សម្របសម្រួលដោះស្រាយបញ្ចប់ជាមុនសិន។
ជាក់ស្តែងនៅថ្ងៃអាទិត្យ ទី២៥ ខែឧសភា ២០២៥នេះ វេលាម៉ោង ១២ និង៣០នាទី ក្រុមការងាររបស់ក្រុមហ៊ុនចិន បានចុះពិនិត្យមើលដីនិងបានប្រទះឃើញឈ្មោះ អ៊ុន មុន្នីរ័ត្ន ជាមន្ត្រីប៉េអឹម និងឈ្មោះ អ៊ុន សុភាព ជាប៉ូលិសចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ត្រូវជាបងប្អូនបង្កើតនឹងគ្នាបានយកត្រាក់ទ័រ ភ្ជួររាស់លើដីដែលកំពុងមានទំនាស់ជាមួយក្រុមហ៊ុនចិនយ៉ាងអនាធិបតេយ្យ។
នៅពេលដែលក្រុមការងារចុះទៅសួរនាំ និងផ្តិតយករូបអំពីសកម្មភាព រំលោភបំពាលលើដីរបស់ក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល បុគ្គលទាំងពីរនាក់នេះបានប្រតិកម្ម និងខឹងសប្បារ ព្រមទាំងហាមឃាត់មិនឱ្យថតសកម្មភាពដែលខ្លួនកំពុងល្មើស ដោយការភ្ជួរាស់ និងឈូសឆាយថែមទៀតផង។ បុគ្គលឈ្មោះ អ៊ុន សុភាព ដែលជាមន្ត្រីនគរបាលជំនាញផ្នែកចរាចរណ៍ និងឈ្មោះ អ៊ុន មុន្នីរ័ត្ន ជាមន្ត្រីកងរាជអាវុធហត្ថ បាននិយាយថា៖ «តំណាងក្រុមហ៊ុនចិនលោកបានស្គាល់ទាំងអស់ ព្រោះសុទ្ធសឹងជាមិត្តភក្តិរបស់ខ្លួន ហើយកុំថតនាំបង្កឱ្យមានបញ្ហា។ បើចង់ឃាត់សកម្មភាពពួកគាត់ទាល់តែអាជ្ញាធរ និងសមត្ថកិច្ច បើគ្រាន់តែតំណាងក្រុមហ៊ុនមិនអាចធ្វើទៅបានទេ»។
ក្នុងនាមខ្លួនជាកងកម្លាំងប្រដាប់អាវុធ ជាអ្នកអនុវត្តច្បាប់ ការពារភាពយុត្តិធម៌ សុវត្ថិភាព របៀបរាបរយក្នុងសង្គម និងជាគំរូបដល់ប្រជាពលរដ្ឋ ប៉ុន្តែបែរជាមកធ្វើសកម្មភាពបំពានច្បាប់ ដោយឈូសឆាយ ភ្ជូរាស់ លើដីរបស់ក្រុមហ៊ុន ហើយនិយាយយកត្រូវខ្លួនឯងថែមទៀត។ បុគ្គលទាំងពីរបាននិយាយថា៖ «ដីទាំងអស់នេះក៏មិនទាន់មានការហាមឃាត់ថា មិនឱ្យពលរដ្ឋអាស្រ័យផលដែរ។ បញ្ហាទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចិនមួយនេះ ពួកលោកធ្លាប់បានសម្របសម្រួលជាមួយតំណាងក្រុមហ៊ុនឆ្អែតឆ្អល់ […] រហូតទៅដល់ស្រុក និងខេត្តរួចអស់ហើយ»។
តំណាងក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល បានលើកឡើងថា៖ «ក្នុងនាមជាអ្នកមើលការខុសត្រូវដីក្រុមហ៊ុន ប្រសិនមានសកម្មភាពណារំលោភបំពានគ្រប់រូបភាព គឺត្រូវតែសួរនាំ និងផ្តិតយកសកម្មភាពរួច រាយការណ៍ជូនទៅក្រុមហ៊ុន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដើម្បីមានចំណាត់ការលើរឿងនេះ ព្រោះថាការថតរបស់ពួកគាត់មិនមែនលើដីកម្មសិទ្ធរបស់បុគ្គលណាម្នាក់ឡើយ ពោល គឺជាដីរបស់ក្រុមហ៊ុនសុទ្ធសាធ ពិតប្រាកដ។ តំណាងចាំមើលដីក្រុមហ៊ុនបន្តថាៈ ពេលដែលពួកគាត់ប្រាប់ទៅបុគ្គលពីរនាក់បងប្អូន ជាមន្ត្រីនគរបាល និងប៉េអឹមនោះ គឺ ពួគគាត់ក៏កំពុងបំពាលលើ “សជណ” របស់រដ្ឋបាលខេត្តបាត់ដំបង និងក្រសួងមហាផ្ទៃ ដែលបានហាមឃាត់មិនឱ្យមានសកម្មភាពសាងសង់រោង ខ្ទម ឈូសឆាយ រុករាន ទន្ទ្រានលើដីកំពុងមានទំនាស់ឈរលើគោលការណ៍ច្បាប់។
ពេលនោះ មន្ត្រីនគរបាល និងប៉េអឹម បានឆ្លើយតបក្រុមអ្នកមើលថែរដីក្រុមហ៊ុនថា៖ «បើឃើញសកម្មភាពពួកគាត់ភ្ជររាស់បែបនេះ ក្រុមហ៊ុនកុំបាច់ចុះមកថតស្អីទេ អាចហៅអាជ្ញាធរឱ្យមានវិធានការ និងទប់ស្កាត់យ៉ាងដូចម្តេច?»។
សូមរំឭកថា កន្លងមក ក្រោមការអន្តរាគមន៍របស់ឧត្តមសេនីយ័ទោ សាត គិមស៊ាន ស្នងការនគរបាលខេត្តបាត់ដំបង និងតបតាមសំណើរសុំជួយអន្តរាគមន៍ពីមេធាវី តំណាងដោយអាណត្តិឲ្យភាគីម្ចាស់ដី កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានការជួបពិភាគ្សាគ្នាមួយរវាងតំណាងភាគីក្រុមហ៊ុនជាម្ចាស់ដី និងលោក អ៊ុន សុភាព ព្រមទាំងមានមន្ត្រីនគរបាលក្នុងអង្គភាពចូលរួមស្តាប់ និងសម្របសម្រួលផងដែរ។ក្នុងកិច្ចប្រជុំនោះ លោក អ៊ុន សុភាព បានយល់ពីគោលការណ៍ដោះស្រាយលើកឡើងដោយភាគីតំណាងម្ចាស់ដី គឺតាមយុទ្ធសាស្ត្រគំរូ «ឈ្នះ-ឈ្នះ» របស់ប្រមុខដឹកនាំកម្ពុជា ដែលតែងតែនាំមកនូវជ័យជម្នះសម្រាប់គ្រប់ភាគីពាក់ព័ន្ធក្នុងវិវាទ ដោយមិនមានភាគីណាមួយខាតបង់អ្វីឡើយ។ យុទ្ធសាស្ត្រឈ្នះ-ឈ្នះ នេះអាចនាំឲ្យគូភាគីយល់ចិត្តគ្នា ដោះស្រាយបញ្ហាប្រឈមជាមួយគ្នា ដើម្បីបញ្ចប់បញ្ហាឈឺក្បាលដ៏រ៉ាំរ៉ៃ ហើយអាចសះជា បញ្ចប់ជម្លោះនឹងគ្នា រស់នៅបានសុខសាន្តជាមួយគ្នា ចេះសាមគ្គីគ្នា។ ក្នុងកិច្ចពិភាក្សាជាងមួយម៉ោងកាលនោះ លោក អ៊ុន សុភាព បានទាមទារថា «ខ្ញុំអរគុណណាស់ ប្រសិនបើយើងបានស្រុះស្រួលមូលមតិគ្នា ជាឯកឆន្ទណាមួយ។ ខ្ញុំក៏ចង់បានភាពយុត្តិធម៌។ ខ្ញុំចង់បានធ្វើទៅស្រុះស្រួលគ្នា ចៀសវាងមើលមុខគ្នាមិនចំ។ អ៊ីចឹង ការសម្របសម្រួលនេះ យើងគួរធ្វើឡើងនៅសាលាស្រុក ឬសាលាឃុំ ហើយមានការចូលរួមពីអាជ្ញាធរ និងសមត្ថកិច្ច ដែលពាក់ព័ន្ធ ទើបយើងធ្វើទៅជោគជ័យ។ ប្រសិនបើយើងធ្វើតែគ្នាយើងប៉ុន្មាននាក់នេះ វាអត់ត្រឹមត្រូវ វាអត់ជោគជ័យទេ។ អ៊ីចឹង សំណួមពររបស់ខ្ញុំ គឺត្រេកអរណាស់ក្នុងការជួបគ្នានេះ។ យើងគួររិះរកមធ្យោបាយណាមួយជួបគ្នានៅសាលាស្រុក ឬក៏សាលាឃុំ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរកផ្លូវដើរតាមនយោបាយឈ្នះ-ឈ្នះ របស់សម្តេច»។
អាជ្ញាធរឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង តាមសំណើររបស់តំណាងម្ចាស់ដី បានព្យាយាមអញ្ជើញលោក អ៊ុន សុភាព មកពិភាក្សារកដំណោះស្រាយនៅសាលាឃុំ ជាច្រើនដងផងដែរ ប៉ុន្តែមន្ត្រីនគរបាលរូបនេះ មិនព្រមសហការឡើយ។ ដូច្នេះ ទើបនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ មេធាវីតំណាងសិទ្ធិភាគីម្ចាស់ដី បានសរសេរលិខិតសុំអន្តរគមន៍ពីឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមស៊ាន ស្នងការនគរបាលខេត្តបាត់ដំបង ដោយជម្រាបជូនថា តំណាងភាគីម្ចាស់ដីបានដោះស្រាយបញ្ចប់វិវាទដីធ្លីជាមួយនឹងប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្រ ឈ្នះ- ឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាតាមអនុសាសន៍របស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងតាមស្មារតីអង្គប្រជុំរបស់លោកអភិបាលនៃគណៈអភិបាល ស្រុកគាស់ក្រឡ បានជាច្រើនគ្រួសាររួចមកហើយ។ ប៉ុន្តែ មន្ត្រីនគរបាលម្នាក់នៃការិយាល័យចរាចរណ៍ជើងគោកខេត្តបាត់ដំបង ដែលជាមន្ត្រីចេះច្បាប់ បែរជាមិនព្រមសម្របសម្រួលបញ្ចប់វិវាទទៅវិញ។
លិខិតរបស់លោកមេធាវី អ៊ុម វ៉ារី បានលើកឡើងថា «ដោយឡែកលោក អ៊ុន សុភាព មន្ត្រីនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង តំណាងក្រុមហ៊ុនបានព្យាយាមទំនាក់ទំនង ដើម្បីមកដោះស្រាយ តែលោក (អ៊ុន សុភាព) មិនបានមកដោះស្រាយទេ។ ខ្ញុំសុំការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការ នៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង អញ្ជើញលោក អ៊ុន សុភាព មកជជែកដោះស្រាយបញ្ហាដីធ្លីជាច្រើនហិកតា ស្ថិតនៅឃុំដូនបា ស្រុកគាស់ក្រឡ»។
ក្នុងលិខិតដដែលបានរំឭកជូនឯកឧត្តម ឧត្តមសេនីយ៍ទោ ទៀតថា «ខ្ញុំបាទសូមជម្រាបជូនថា លោក អ៊ុន សុភាព បានមកគ្រប់គ្រងលើដីក្រុមហ៊ុនជាច្រើនហិកតា ហើយក្រុមហ៊ុនបានព្យាយាមជួបលោក អ៊ុន សុភាព ជាច្រើនលើកដើម្បីដោះស្រាយរឿងនេះ តែលោក អ៊ុន សុភាព ចេះតែគេចវេស។ បើទោះបីលោក ចិន សំអន មេឃុំដូនបា អញ្ជើញមកដោះស្រាយក៏លោក អ៊ុន សុភាព បដិសេធមិនព្រមចូលមកដោះស្រាយដែរ»។
លុះនៅថ្ងៃអាទិត្យ ទី២៥ ខែឧសភា ២០២៥នេះ វេលាម៉ោង ១២និង៣០នាទី ក្រុមការងាររបស់ក្រុមហ៊ុន បានចុះពិនិត្យលើដីក្រុមហ៊ុន បានប្រទះឃើញឈ្មោះ អ៊ុន មុន្នីរ័ត្ន ជាមន្ត្រីប៉េអឹម និងឈ្មោះ អ៊ុន សុភាព ជាប៉ូលិសផ្នែកចារាចរណ៍ ត្រូវជាបងប្អូនបង្កើតបានយកត្រាក់ទ័រ ភ្ជួរលើដីដែលកំពុងមានទំនាស់ជាមួយក្រុមហ៊ុនយ៉ាងអនាធិបតេយ្យដោយគ្មានខ្លាចរអារ មិនគោរពបទដ្ឋានច្បាប់ មិនគោរពសជណ និងអាជ្ញាធរមូលដ្ឋានឡើយ៕





