2025-05-23 16:11
14

ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ អាកាសយន្តដ្ឋានធំជាងគេទី៩ នៅលើពិភពលោករបស់ប្រទេសកម្ពុជា លំដាប់ថ្នាក់ 4F នឹងប្រតិត្តិការហោះហើរជាផ្លូវការ។ នេះបើការសេចក្តីជូនដំណឹង របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី២៣ ខែឧសភានេះ។

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា៖ «ការបើកឱ្យប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ និងពិធីសម្ពោធបើកឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ តាមចំណារដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ»។

តាមការបញ្ជាក់របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាល បានឯកភាពជាគោលការណ៍ កំណត់យកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ជាកាលបរិច្ឆេទបើកឱ្យប្រតិបត្តិការអាកាសយានដ្ឋាន អន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ និងកំណត់យកថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ សម្រាប់រៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ អាកាសយានដ្ឋានអន្តរជាតិតេជោ»។

សូមបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិតេជោ មានផ្ទៃដីជាង ២៦០០ ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល ដែលនឹងក្លាយជាអាកាសយានដ្ឋានធំជាងគេទី៩ នៅក្នុងពិភពលោក និងត្រូវបានកំណត់ថាជាព្រលានយន្តហោះលំដាប់ 4F ដែលជាមោទនភាពសម្រាប់កម្ពុជា ចំពោះសមិទ្ធផលថ្មី ក្នុងការត្រៀមស្វាគមន៍ទេសចរ វិនិយោគិន និងអ្នកទស្សនា ដែលមានជើងហោះហើរ មកពីជុំវិញពិភពលោក៕