2025-05-23 17:34
14

កំពង់ឆ្នាំង៖ ក្រុមអ្នកនេសាទជនជាតិវៀតណាម ចំនួន ០៣នាក់ បានព្រួតគ្នាប្រើអំពើហិង្សាយកស្នរចាក់លើប្រជានេសាទខ្មែរម្នាក់ បណ្តាលឱ្យធ្លាយពោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការតាមផ្លូវច្បាប់។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ០៦និង៣០នាទី ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នេះ  នៅក្នុងបឹងទន្លេសាប ចំណុចបាឡត នៅព្រំប្រទល់ ចំនួន ៣ឃុំ (ឃុំកំពង់លួង ខេត្តពោធិ៍សាត់ ឃុំពាមបាង និង ឃុំផាត់សណ្ដាយ ខេត្តកំពង់ធំ)។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឆ្នុកទ្រូ ប៉ុស្តិ៍រដ្ឋបាលឃុំពាមបាង និងមន្ត្រីយោធាបានសហការគ្នាចុះឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមភ្លាមៗ ក្រោយពេលកើតហេតុ។ សមត្ថកិច្ចបានឱ្យដឹងថា ប្រជានេសាទខ្មែររងគ្រោះមានឈ្មោះ ដួង ខា ភេទប្រុស អាយុ ៤៣ឆ្នាំ មានប្រពន្ធរស់នៅភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ បានបើកការណូតទៅនេសាទត្រីតាមទំលាប់ជាធម្មតា។ លុះដល់ចំណុចកើតហេតុស្លាបចក្រកាណូត ក៏បានជាប់នឹងមងបណ្ដែតរបស់ក្រុមជនជាតិវៀតណាម កើតមានជម្លោះឈ្លោះប្រកែកគ្នា រហូតបានទាញយកស្នរមកចាក់លើប្រជានេសាទខ្មែរធ្លាយពោះរបួសធ្ងន់ ហើយព្យាយាមបើកកាណូតគេចខ្លួនតែម្តង។

ភ្លាមៗនោះកម្លាំងយោធាឈរជើងបង្ក្រាបបទល្មើសនេសាទ សហការជាមួយសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំពាមបាង ក៏បានជួយអន្តរាគមន៍ ដេញតាមចាប់ខ្លួនជនបង្កទាំង ០៣នាក់ និងនាំខ្លួនយកមកប្រគល់ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឆ្នុកទ្រូ ដើម្បីសាកសួរតាមនិតិវិធី។ ចំណែក ជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែលស្រុកបរិបូណ៌ ដឹកបញ្ជូនយកទៅសង្គ្រោះជីវិតនៅមន្ទីរពេទ្យក្នុងរដ្ឋធានីភ្នំពេញ។

ជនជាតិវៀតណាម ដែលត្រូវបានឃាត់ខ្លួន រួមមាន៖ ទី១- ឈ្មោះ ង្វៀង វ៉ាន់លឹក  ភេទប្រុស អាយុ ១៩ឆ្នាំ, ២៖ ឈ្មោះ ង្វៀង វ៉ាន់លត ភេទប្រុស អាយុ ២១ឆ្នាំ និងទី៣- ឈ្មោះ ចាំងវ៉ាន់នឺ  ភេទប្រុស អាយុ ៤១ឆ្នាំ ពួកគេទាំង០៣នាក់ រស់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ 

ករណីហិង្សាមានស្ថានទម្ងន់ទោសនេះ សមត្ថកិច្ចកំពុងសុំយោបល់ទៅថ្នាក់លើថា គួរប្រគល់ជនល្មើសជូនសមត្ថកិច្ចខាងណា ជាអ្នកកសាងសំណុំរឿងបញ្ជូនទៅតុលាការ ព្រោះកន្លែងកើតហេតុ នៅចំណុច ព្រំប្រទល់ ៣ឃុំ គឺ១ឃុំកំពង់លួងស្រុកក្រគរ ខេត្តពោធិ៍សាត់, ឃុំពាមបាង និងឃុំផាត់សណ្ដាយ ស្រុកស្ទោង ខេត្តកំពង់ធំ៕