
ភ្នំពេញ៖ ជារឿងគួរឲ្យសោកស្តាយ និងជាទង្វើដ៏គួរឲ្យស្អប់ខ្ពើមបំផុត ចំពោះសកម្មភាពបំភ្លើស បំភ្លៃ បំភាន់ អត្ថន័យផ្ទាំងពាក្យស្លោកផ្សព្វផ្សាយលើបណ្តាញសង្គម Facebook ពីសំណាក់បុគ្គលម្ចាស់គណនេយ្យ Facebook ឈ្មោះ “Sothea Chhin”ធ្វើឲ្យមានការយល់ច្រលំ។ នេះជាការបញ្ជាក់របស់លោក ផន រឹម អនុរដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៣ ខែឧសភានេះ។
ក្នុងនាមអ្នកនាំពាក្យក្រសួងសាធារណការ លោក ផន រឹម បានបញ្ជាកើថា៖ «នៅពាក់កណ្តាលស្ពានខ្ពស់ជាងគេ (ទាំងសងខាង) នៃគម្រោងផ្លូវជាតិលេខ ១០ (សំឡូត-បាត់ដំបង, វាលវែង-ពោធិ៍សាត់ និងក្រុងខេរភូមិន្ទ-កោះកុង) ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានយ៉សម្រាប់ឈរទស្សនារូបភាព និងថតរូបអនុស្សាវរីយ៍ដល់បងប្អូនប្រជាពលរដ្ឋ ដែលឆ្លងកាត់ទៅ-មកទីតាំងស្ពាន ដោយរំលេចពាក្យស្លោក ចំនួនពីរផ្ទាំងគឺ “អរគុណសន្តិភាព” និង “រួមគ្នាថែរក្សាការពារសន្តិភាព” មិនមានពាក្យស្លោកផ្សេងដូចបុគ្គលម្ចាស់គណនេយ្យ Facebook ឈ្មោះ “Sothea Chhin” បំភ្លៃនោះទេ»។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់បន្ថែមទៀតថា៖ ពាក្យ «អរគុណសន្តិភាព» គឺជាពាក្យមួយឃ្លា ដែលមានអត្ថធំធេងសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលធ្លាប់ឆ្លងកាត់សង្គ្រាមកាប់សម្លាប់រាប់មិនអស់។ ប្រជាជនកម្ពុជាទាំងអស់ បានផ្តល់គុណតម្លៃយ៉ាងធំធេងដល់សន្តិភាព។ ពាក្យ «អរគុណសន្តិភាព» ត្រូវបានកត់សម្គាល់ថា មានបិទស្ទើរគ្រប់ទីកន្លែងទូទាំងប្រទេស។
លោកបានបន្ថែមទៀតថា៖ «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា តែងបានអំពាវនាវដល់បងប្អូនជនរួមជាតិ បន្តថែរក្សាការពារសន្តិភាព ក្នុងប្រទេសរបស់យើងឲ្យបានគង់វង្ស»។
ពាក្យស្លោក អរគុណសន្តិភាព! អរគុណនយោបាយឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ត្រូវដាក់ឱ្យប្រើប្រាស់យ៉ាងទូលំលាយនៅទូទាំងប្រទេស និងគ្រប់កម្មវិធីតូចធំផងដែរ៕

_1747983465.jpg)
