
ភ្នំពេញ៖ ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២៤-២០៣៣ (CCCSP 2024-2033) ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា និងលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP) រួមជាមួយ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ តំណាងក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ គ្រឹះស្ថានសិក្សា វិស័យឯកជន និងមន្រ្តីរាជការ របស់ក្រសួងបរិស្ថានជាច្រើននាក់។
លោក ស៊ុ ធី អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រក្រសួងបរិស្ថាន បានលើកឡើងថា៖ «ផែនការយុទ្ធសាស្រ្តនេះ CCCSP 2024-2033 ផ្តោតលើការកាត់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ការពង្រឹងសមត្ថភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងការលើកស្ទួយអភិបាលកិច្ចល្អ និងបរិវត្តកម្មឌីជីថល»។
លោកស្រី Alissar Chaker បានសង្កត់ធ្ងន់ថា CCCSP 2024-2033 មិនត្រឹមតែជាឯកសារគោលនយោបាយប៉ុណ្ណោះទេ ប៉ុន្តែជាផែនទីបង្ហាញផ្លូវរួមមួយ ដើម្បីឈានឆ្ពោះទៅសម្រេចនូវចក្ខុវិស័យ ក្នុងការឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុរបស់កម្ពុជា «អព្យាក្រឹតភាពកាបូន និងភាពធន់នឹងអាកាសធាតុ តាមរយៈការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន»។
«គោលបំណងសំខាន់របស់ពួកយើង គឺជំរុញការរីកចម្រើនរបស់កម្ពុជា លើកំណើនបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយមិនទុកនរណាម្នាក់ចោល ដោយគិតគូរពីការចូលរួម និងតម្រូវការពីគ្រប់ភាគីពាក់ព័ន្ធ និងដោះស្រាយភាពងាយរងគ្រោះ ដោយសារការប្រែប្រួលអាកាសធាតុ ជាពិសេសការពង្រឹងភាពធន់ របស់ក្រុមងាយរងគ្រោះបំផុត។» នេះជាការលើកឡើងបន្ថែម របស់លោកស្រី Alissar Chaker។
លោក Igor Driesmans បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុប និងបានលើកឡើងថា «យើងមានគោលបំណង ដើម្បីកៀរគរក្រុមហ៊ុន និងអ្នកវិនិយោគអឺរ៉ុប លើការវិនិយោគហិរញ្ញប្បទានបៃតង តាមរយៈការលើកកម្ពស់ ឧបករណ៍ហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ដូចជាហិរញ្ញវត្ថុចម្រុះ និងយន្តការចែករំលែក ការគ្រប់គ្រងហានិភ័យ»។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានលើកឡើងថា «កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺដើម្បីជំរុញការអនុវត្តគម្រោងថាមពលកកើតឡើងវិញ ប្រកបដោយនិរន្តរភាព កសិកម្មឆ្លាតវៃខាងអាកាសធាតុ និងហេដ្ឋារចនាសម្ព័ន្ធធន់ សំដៅជំរុញនូវកំណើនសេដ្ឋកិច្ច ការបង្កើតការងារ និងកិច្ចគាំពារបរិស្ថាន»។
ក្នុងឱកាសនោះ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃផែនការយុទ្ធសាស្រ្ត CCCSP 2024-2033 ដែលធ្វើការគាំទ្រ ដល់ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងការប្តេជ្ញាចិត្តរបស់កម្ពុជា ឈានឆ្ពោះទៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា «កម្ពុជាមានភាពចាំបាច់ ក្នុងការពង្រឹងសមត្ថភាព របស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដើម្បីប្រែក្លាយស្ថាប័ននេះ ទៅជាស្ថាប័នជាតិ ទទួលសេចក្តីទុកចិត្ត ពីមូលនិធិអាកាសធាតុបៃតង ដើម្បីមានលទ្ធភាពផ្ទាល់ ក្នុងការទទួលបានហិរញ្ញប្បទានអាកាសធាតុ»។
លោកបណ្ឌិតរដ្ឋមន្ត្រី បានថ្លែងផងដែរថា «CCCSP 2024-2033 គឺជាឯកសារក្របខ័ណ្ឌជាតិ ដោយមិនគ្រាន់តែជាការទទួលខុសត្រូវ របស់ក្រសួងបរិស្ថានមួយប៉ុណ្ណោះទេ តែទាមទារឱ្យមានការចូលរួមអនុវត្ត ពីគ្រប់វិស័យពាក់ព័ន្ធ ដើម្បីបកប្រែក្លាយផែនការយុទ្ធសាស្ត្រនេះ ទៅជាលទ្ធផលជាក់ស្តែង។ លោកបណ្ឌិត អ៊ាង សុផល្លែត បានកំណត់វិស័យសំខាន់ៗ ដែលជាប្រភពនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ហើយទាមទារឱ្យមានសកម្មភាពបន្ទាន់ ដូចជា៖ វិស័យថាមពល ដំណើរការឧស្សាហកម្ម និងការប្រើប្រាស់ផលិតផល ព្រៃឈើនិងការប្រើប្រាស់ដីកសិកម្ម និងសំណល់»។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានគាំទ្រនិងឯកភាពលើឯកសារផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ២០២៤-២០៣៣នេះ។ ការគាំទ្រនេះពិតជាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តមិនងាករេរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ដើម្បីធានាអនាគតប្រកបដោយចីរភាពសម្រាប់ប្រជាជនកម្ពុជាទាំងអស់៕