2025-05-23 12:46
57

កំពង់ស្ពឺ៖ រោងចក្រផលិតគ្រឿងបង្គុំ-បន្សំស្បែកជើង របស់ក្រុមហ៊ុន TONG KANG (CAMBODIA) CO., LTD. នៅក្នុងភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមការងារក្រសួងបរិស្ថាន សហការជាមួយតំណាងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រដ្ឋបាលស្រុកគងពិសី និងអាជ្ញាធរឃុំជង្រុក នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ រកឃើញថា «បានបង្កឱ្យមានការបំពុល ដោយផ្សែង និងខ្លិន ដល់ខ្យល់បរិយាកាស និងដល់ការរស់នៅប្រជាពលរដ្ឋប្រមាណ៤០គ្រួសារនៅក្នុងមូលដ្ឋានក្បែររោងចក្រ»។ 

នៅលើទីតាំងជាក់ស្តែង ក្រុមការងារបានរកឃើញថា ក្រុមហ៊ុនមានឡចំហាយមាន ចំនួន ០១ គ្រឿង ដំណើរការដោយប្រើអុស លាយកម្រេចជ័រដើម្បីដុត និងពុំមានប្រព័ន្ធសម្អាតផ្សែងត្រឹមត្រូវទេ។ ដូចគ្នាដែរ ក្រុមហ៊ុន មានឡដុតរំលាយជ័រ ចេញជាគ្រាប់ដោយពុំមានប្រព័ន្ធសម្អាតសារធាតុបំពុលខ្យល់ទេ។ លើសពីនេះ ក្រុមហ៊ុនពុំមានការគ្រប់គ្រងសំណល់ប្លាស្ទិក និងជ័រ ប្រមូលពីរោងចក្រក្នុងស្រុកសម្រាបកែឆ្នៃឱ្យបានត្រឹមត្រូវផងដែរ។ 

ក្នុងពេលចុះពិនិត្យ ក្រុមការងារ បានធ្វើតេស្តសារធាតុបំពុលខ្យល ចំនួនពីរទីតាំងផ្សេងគ្នា នឹងបានរកឃើញថា«សារធាតុក្នុងខ្យល់លើសកម្រិតស្តង់ដារ»។ នៅលើទីតាំងឡដុតចំហាយ ក្រុមការងារពិនិត្យឃើញថាសារធាតុ៖ កាបូនម៉ូណូអុកស៊ីត (CO) = 1657 ppm, អាសូតអុកស៊ីត (NOx) =15,0 ppm, អាសូតម៉ូណូអុកស៊ីត (NO)  = 50,0 ppm, ស្ពានធ័រឌីអុកស៊ីត (SO2) = 426 ppm, ស៊ីតុណ្ហភាព (flow gas t) = 161,7 °C

ចំពោះនៅទីតាំងឡដុតស្លរំលាយជ័រនោះទៀតសោត ក៏ឃើញមានសារធាតុ៖ កាបូនម៉ូណូអុកស៊ីត (CO) = 23,0 pp,  អាសូតអុកស៊ីត (NOx) = 2,0 ppm, អាសូតម៉ូណូអុកស៊ីត (NO)  = 2,0 ppm, ស្ពានធ័រឌីអុកស៊ីត (SO2) = 66,0 ppm, ស៊ីតុណ្ហភាព (flow gas te) = 49,9 °C និងមានខ្លឹនឆ្ងៀមខ្លាំងផងដែរ។

ចំពោះមុខ ក្រុមការងារបានចាត់វិធានការច្បាប់ចំពោះក្រុមហ៊ុន ដែលបានល្មើសនឹងលិខិតបទដ្ឋានគតិយុត្តបរិស្ថាន និងដែលបានបង្កការបំពុលបរិស្ថាន ដោយផ្សែង និងក្លិន ដែលល្មើសនឹង មាត្រា ១៥៦, ១៧៣, ១៧៦, ៣១២, ៣១៣ និងមាត្រា ៣១៤ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។ 

ក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការលើក្រុមហ៊ុនមួយចំនួនដូចជា៖ ផ្អាកដំណើរការឡចំហាយជាបណ្តោះអាសន្ន រហូតដល់ក្រុមហ៊ុន បានអនុវត្តកែសម្រួលប្រព័ន្ធសម្អាតសាធារធាតុបំពុលខ្យល់ និងក្លិនរួចរាល់ និងរហូតដល់មានការសម្រេចជាថ្មីពីក្រសួងបរិស្ថាន។ ពិន័យអន្តរការណ៍ទៅតាមច្បាប់កំណត់។ ក្រុមហ៊ុនត្រូវផ្តល់សំណងផលប៉ះពាល់បរិស្ថាន និងសុខភាពសាធារណៈ តាមការវាយតម្លៃជាក់ស្តែង។

ក្រសួងបរិស្ថាន បានណែនាំម្ចាស់រោងចក្រ ត្រូវធ្វើការកែតម្រូវវិធានការបច្ចេកទេសលើការទុកដាក់វត្ថុធាតុដើម ទីតាំងទុកដាក់សំណល់ផេះ និងសំណល់រឹងគ្រប់ប្រភេទ ដោយអនុលោមការគោលការណ៍បច្ចេកទេសនិងច្បាប់ជាធរមាន។ ត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងត្រូវបង់មូលនិធិទាយជ្ជទានបរិស្ថានប្រចាំដូចបានចែងក្នុងកិច្ចសន្យាចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦។ ក្នុងករណីក្រុមហ៊ុនមិនអនុវត្តតាមវិធានការខាងលើ ក្រុមហ៊ុននឹងប្រឈមនឹងការបិទអាជីវកម្មទាំងស្រុង៕