2025-05-22 11:09
17

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្ដល់អនុសាសន៍ ឱ្យធ្វើពង្រាងវិសោធនកម្មលក្ខន្តិកៈ សមាគមអតីតយុទ្ធជន ឲ្យមានវិសាលភាពគ្របដណ្តប់ទៅលើនិវត្តជនទាំងអស់ ដោយរួមបញ្ចូលទាំងមន្ត្រីរាជការចូលនិវត្តន៍ គ្រូបង្រៀនចូលនិវត្តន៍ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទចូលនិវត្តន៍ផងដែរ។

សម្តេចតេជោបានផ្តល់អនុសាសន៍ឱ្យធ្វើវិសោធនកម្មលក្ខន្តិកៈបែបនេះ ធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥នេះ នៅក្នុងកិច្ចប្រជុំក្រុមការងារព័ត៌មានផ្សព្វផ្សាយ របស់សមាគមអតីតយុទ្ធជនកម្ពុជា នៅវិមាន៧មករា រាជធានីភ្នំពេញ។

សូមជម្រាបថា សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៧ ហើយមានតួនាទីសំខាន់ក្នុងការលើកកម្ពស់ជីវភាពរបស់អតីតយុទ្ធជន និងគ្រួសាររបស់អតីតយុទ្ធជន។ ហើយកាលពីខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេច ស្តីពី ការបង្កើត «គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨»ដោយសម្តេចតេជោ ធ្វើជាប្រធានកិត្តិយសនៃគណៈយុទ្ធមិត្តនេះ ហើយសម្តេច ម៉ែន សំអន ជាប្រធាន៕