
ព្រះសីហនុ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា «សម្រាប់ខេត្តព្រះសីហនុកំណើននៃចំនួនរោងចក្រ សហគ្រាស បានកើនឡើងពីចំនួន ៦៩ រោងចក្រ សហគ្រាស មានកម្មករ នយោជិកជាង ១ម៉ឺននាក់ ក្នុងឆ្នាំ២០០៨ រហូតដល់ ៣ ៨៣៣ រោងចក្រ សហគ្រា មានកម្មករ នយោជិតជាង ១១ម៉ឺន ៥ពាន់ ៨រយនាក់ គិតត្រឹមខែមេសា ឆ្នាំ២០២៥នេះទទួលបានប្រាកឈ្នួលប្រមាណ ៣៥៩ ម៉ឺនលានដុល្លារក្នុង១ឆ្នាំ»។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្ថែបថា៖ «បើគិតក្នុងក្របខណ្ឌទូទាំងប្រទេសចាប់តាំងពីរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានបង្កើតឡើងដល់ខែមេសា ឆ្នាំ២០២៥នេះ ចំនួនរោងចក្រ សហគ្រាស បានកើនដល់ ៤៥ ៣៨៦ រោងចក្រ សហគ្រាស ប្រៀបទៅខែកញ្ញា ឆ្នាំ២០២៣ កើនឡើង ចំនួន ៤ ៣០០ រោងចក្រ សហគ្រាស កម្មករ នយោជិតបានកើនឡើងប្រមាណជាង ១លាន ៦សែននាក់ ដល់ជាង ១លាន ៨សែននាក់ ដោយបានផ្តល់ប្រាក់ឈ្នួលដល់បងប្អូនកម្មករ នយោជិតជាមធ្យមប្រមាណ ៥,៩ពាន់លានដុល្លារក្នុង១ឆ្នាំ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «ក្នុងពេលមានសង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក ក្រុមអ្នកប្រឆាំងបានចោទមកលើរាជរដ្ឋាភិបាលជ្រើសរើសចិន (ស្ពៃ) មិនចាប់យកអាមរិចដែលជាសាច់គោ ប៉ុន្តែសម្រាប់កម្ពុជា មិនថាស្ពៃ សាច់គោ បង្គា បង្កង ត្តាមខ្យង ឬត្រីទេ [….] កម្ពុជាជ្រើសរើសយកទាំងអស់ដោយមិនប្រកាន់ប្រទេសណាមួយឡើយ»។
សម្តេចធិបតីបានបញ្ជាក់បន្ថែមទៀតថា៖ «ជាក់ស្តែងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ដែលផ្តួចផ្តើមរវាងរដ្ឋភិបាលចិន និងកម្ពុជា ប៉ុន្តែក៏មានរោងចក្រ សហគ្រាស មកពីសហរដ្ឋអាមេរិក ជប៉ុន បារាំង អឺរ៉ុប និងពីប្រទេសផ្សេងៗជាច្រើនទៀត។ សម្រាប់កម្ពុជាមិនប្រកាន់ទេ គ្រប់ប្រទេសទាំងអស់ គឺយើងស្វាគមន៍ជានិច្ច ដើម្បីសេដ្ឋកិច្ច បង្កើតការងារ និងជីវភាពរស់របស់ប្រជាពលរដ្ឋ គឺទាក់ទាញវិនិយោគមកពីគ្រប់បណ្តាប្រទេសទាំងអស់លើពិភពលោក»៕


