2025-05-11 13:16
30

មូស្គូ៖ យោងតាមការចេញផ្សាយពីគេហទំព័រ រ៉យទ័រ នាថ្ងៃទី១១ ខែឧសភា នេះប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានស្នើកិច្ចចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន នៅថ្ងៃទី ១៥ ឧសភា ខាងមុខ នៅប្រទេសទួរគី ដែលលោកបាននិយាយថា គួរតែមានគោលបំណងនាំយកសន្តិភាពយូរអង្វែង ដែលជាគំនិតផ្តួចផ្តើមមួយដែលត្រូវបានស្វាគមន៍ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

មេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា កិច្ចពិភាក្សានៅទីក្រុងអ៊ីស្តង់ប៊ុល នៃប្រទេសទួរគីនឹងមានគោលបំណងលុបបំបាត់មូលហេតុដើមនៃសង្រ្គាម និងការស្ដារឡើងវិញនូវ "សន្តិភាពយូរអង្វែង" ជាជាងការផ្អាកសម្រាប់ការរៀបចំឡើងវិញ។ ពូទីន បានបន្ថែមថា លោកនឹងនិយាយទៅកាន់ប្រធានាធិបតីទួរគី លោក Tayyip Erdogan នៅពេលក្រោយនៅថ្ងៃអាទិត្យ អំពីការសម្របសម្រួលកិច្ចចរចា ដោយលោកបានបន្តថា អាចនាំឱ្យមានបទឈប់បាញ់។

ជុំវិញនៃការលើកឡើងរបស់ ពូទីន នាថ្ងៃអាទិត្យ នេះ ការិយាល័យប្រធានាធិបតី Volodymyr Zelenskiy និងក្រសួងការបរទេសអ៊ុយក្រែន នៅមិនបានឆ្លើយតបភ្លាមៗទេចំពោះសំណើរបស់ Reuters សម្រាប់ការធ្វើអត្ថាធិប្បាយលើសំណើនេះ។

លើសពីនេះ នៅក្នុងសារមួយនៅលើបណ្តាញសង្គម Truth Social លោក Trump ក៏បានធ្វើការសាទរចំពោះសំណើរបស់ Putin ថាជាវិជ្ជមានសម្រាប់ការបញ្ចប់សង្រ្គាម។

គួរឲ្យដឹងថា ចំពោះសំណើរបស់លោកពូទីនសម្រាប់កិច្ចចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែននេះ បានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីមហាអំណាចអឺរ៉ុបបានទាមទារកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ នៅទីក្រុងគៀវថា តើពូទីនយល់ព្រមចំពោះបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌរយៈពេល 30 ថ្ងៃ ឬប្រឈមមុខនឹងទណ្ឌកម្មថ្មី "ដ៏ធំ" ។

ពូទីន ធ្លាប់បាននិយាយថា ប្រទេសរុស្ស៊ីបានស្នើបទឈប់បាញ់ជាច្រើនលើកមកហើយ រួមទាំងការផ្អាកលើរោងចក្រថាមពល ឈប់បាញ់ Easter និងថ្មីៗនេះ រួមទាំងបទឈប់បាញ់រយៈពេល 72 ម៉ោងក្នុងអំឡុងពេលប្រារព្ធពិធីរំលឹកខួប 80 ឆ្នាំចាប់តាំងពីជ័យជម្នះក្នុងសង្គ្រាមលោកលើកទីពីរផងដែរ។

ទាំងរុស្ស៊ី និងអ៊ុយក្រែនបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានរំលោភលើសំណើបទឈប់បាញ់បណ្តោះអាសន្ន រួមទាំងបទឈប់បាញ់ថ្ងៃទី 8-10 ខែឧសភា ថែមទៀតផង។

មន្ត្រីអ៊ុយក្រែនបាននិយាយថា ទោះបីជាមានការអំពាវនាវរបស់លោកពូទីនឱ្យមានការចរចាសន្តិភាពក៏ដោយ ក៏នាថ្ងៃអាទិត្យនេះ រុស្ស៊ីបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើទីក្រុងគៀវនិងផ្នែកផ្សេងទៀតនៃអ៊ុយក្រែនដែរ ដោយបានធ្វើឱ្យមនុស្សម្នាក់រងរបួសនៅក្នុងតំបន់ជុំវិញរដ្ឋធានីអ៊ុយក្រែននិងធ្វើឱ្យខូចខាតផ្ទះឯកជនមួយចំនួនទៀតផង។

គួរបញ្ជាក់ថា លោកពូទីនបានបញ្ជូនទាហានរាប់ពាន់នាក់ចូលទៅក្នុងប្រទេសអ៊ុយក្រែនចាប់តាំងពីក្នុងខែកុម្ភៈឆ្នាំ 2022 មកម្ល៉េះ ដោយបានបង្កឲ្យផ្ទុះសង្រ្គាមដែលបានធ្វើឱ្យទាហានរាប់សែននាក់បានស្លាប់ និងបង្កឱ្យមានការប្រឈមមុខដាក់គ្នាយ៉ាងធ្ងន់ធ្ងររវាងរុស្ស៊ី និងលោកខាងលិចចាប់តាំងពីវិបត្តិមីស៊ីលគុយបាក្នុងឆ្នាំ 1962 មកម្ល៉េះ៕