
ទីលំហែបៃតងរបស់សហគមនាគមន៍ ចំនួន១០កន្លែង បានបញ្ចប់ការសាងសង់ជាស្ថាពរ និងកំពុងរង់ចាំទទួលភ្ញៀវទេសចរណ៍ ដែលនិយមការសម្រាកលំហែកម្សាន្តជាមួយធម្មជាតិបៃតង នៅលើខ្នងភ្នំនៃឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម«ភ្នំគូលែន» ក្នុងខេត្តសៀមរាប។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថាពេលនេះ គោលដៅលំហែបៃតង ចាប់ផ្តើមចេញជារូបរាងហើយនៅលើភ្នំគូលែន បន្ទាប់គម្រោងរបស់ក្រសួងបរិស្ថាន បានជួយសាងសង់ទីលំហែបៃតងរបស់សហគមនាគមន៍ តាមរចនាបទខ្មែរ និងមានលក្ខណៈទំនើប ហើយរួចរាល់និងគ្រោងប្រគល់ជូនទៅសហគមន៍តំបន់ការពារធម្មជាតិ ព្រៃធំអន្លង់ ដើម្បីផ្តល់ជូនសេវាកម្ម ការលំហែកម្សាន្តប្រកបដោយសុខុដុមរមនា ជាមួយធម្មជាតិ ដល់ភ្ញៀវជាតិនិងអន្តរជាតិ ដែលមកសម្រាកលំហែ បោះតង់ និងទស្សនាជុំវិញតំបន់ភ្នំគូលែន។
ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ក្រសួងបរិស្ថាន បានបង្កើតការអភិវឌ្ឍគោលដៅ«លំហែបៃតង» ដើម្បីជួយលើកកម្ពស់ជិវភាពសហគមន៍ នៅតាមតំបន់ការពារធម្មជាតិ ដើម្បីពង្រឹងការអភិរក្សព្រៃឈើ និងលើកកម្ពស់ជីវភាពសហគមន៍ ស្របតាមអនុសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងភូមិសាស្រ្ត ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម«ភ្នំគូលែន» ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបង្កើតជារបៀងគោលដៅលំហែបៃតង ដោយមានសហគមន៍តំបន់ការពារធម្មជាតិ ចំនួន៥ ដែលមានសក្តានុពលធម្មជាតិខុសៗគ្នា។
ក្រសួងបរិស្ថានបានរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ អភិវឌ្ឍន៍ការទាក់ទាញទេសចរ ទៅទស្សនាកន្លែងធម្មជាតិ ប្រវត្តិសាស្រ្ត វប្បធម៌ ប្រាសាទបូរាណ តំបន់ទេសភាព ព្រៃឈើ ទស្សនាសត្វព្រៃ ទឹកធ្លាក់ និងការសម្រាកកម្សាន្ត។ ដោយឡែក ទីលំហែបៃតងរបស់សហគមនាគមន៍ ជាគម្រោងមួយ ទើបតែចាប់ផ្តើមជាមួយសហគមន៍តំបន់ការពារធម្មជាតិ លើខ្នងភ្នំគូលែន ដែលបានដើរតួនាទីសំខាន់ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ដែលក្នុងនោះការកសាងភាពស្អាត ភាពបៃតង ដែលបានចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្ពោះទៅការរស់នៅប្រកបដោយចីរភាព។
ឯកឧត្តមបណ្ឌីត អ៊ាង សុផល្លែត បានថ្លែងបន្ថែមថា យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានកំពុងធ្វើឱ្យសហគមន៍ មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មី សម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ដោយផ្តល់ចំណេះដឹង ជំនាញ និងមុខរបរថ្មី ក្នុងនោះរួមមាន ការចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំផ្សេងទៀត សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផង និងសម្រាប់លក់នៅលើទីផ្សារផងដែរ ព្រមទាំងជួយរៀបចំបង្កើតជាអេកូទេសចរណ៍ នៅក្នុងតំបន់សហគមន៍ថែមទៀត។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឱ្យសហគមន៍មានការអភិវឌ្ឍជីវភាពប្រកបដោយនិរន្តរភាព នោះត្រូវធ្វើយ៉ាងណាថែរក្សាបរិស្ថានឱ្យស្អាត មានផ្នត់គំនិតគំនិត និងស្អាតនៅក្រៅខ្លួន ដែលបម្រើសេវាកម្ម ដោយភាពស្មោះត្រង់ រៀបចំម្ហូបអាហារត្រូវមានអនាម័យ និងមានតម្លៃសមរម្យ ដែលជាទីទាក់ទាញអ្នកទេសចរណ៍ មកកម្សាន្តបានច្រើនជាប្រចាំ។
សូមបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសដាក់ចេញការអភិវឌ្ឍ «គោលដៅលំហែបៃតង» នៅឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម «ភ្នំគូលែន» តាមរយៈការរៀបចំបង្កើតជារបៀងសហគមន៍តំបន់ការពារធម្មជាតិ ទាំងអស់នៅលើភ្នំគូលែន ដោយជួយរៀបចំកសាងផ្លូវតភ្ជាប់សហគមន៍ ហេដ្ឋរចនាសម្ព័ននានា កន្លែងគ្រប់គ្រងទុកដាក់សំណល់រឹង រៀបចំបង្កើនជីវភាពគ្រួសារ របស់ប្រជាសហគមន៍ តាមរយៈមុខរបរចិញ្ចឹមសត្វ ដាំបន្លែ និងគោលដៅលំហែបៃតង ដែលក្នុងនោះ បានផ្តល់ទីលំហែបៃតងរបស់សហគមនាគមន៍ ជំហានដំបូង ចំនួន១០ កន្លែង ហើយជាបន្តបន្ទាប់ គម្រោងនឹងពង្រីកបន្ថែមជូនទៅសហគមន៍ ដើម្បីបង្កើនជីវភាពកាន់តែប្រសើរឡើងថែមទៀត។
ដោយឡែក នៅឧទ្យានជាតិ ព្រះសុរាម្រិតកុសុមៈ«គិរីរម្យ» ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ក្រសួងបរិស្ថាន បានជួយសាងសង់កន្លែងវបស្សនា ចំនួន៥០ទីតាំង ក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលមានភ្ញៀវទេសចរណ៍ជាច្រើន មកសម្រាក ធ្វើសមាធិ ធ្វើឱ្យចិត្តស្អាត ស្អាតទាំងគំនិត និងស្អាតទាំងបរិស្ថានខាងក្រៅ ជាមួយធម្មជាតិស្រស់ស្អាតព័ទ្ធជុំវិញ។
លើសពីនេះ ក្រសួងបរិស្ថានបានពង្រីកគម្រោង«គោលដៅលំហែបៃតងនៅតំបន់ទេទឹកពុះ និងតំបន់ខ្នងផ្សារនៃតំបន់ជួរភ្នំក្រវាញ និងតាមតំបន់ការពារធម្មជាតិមួយចំនួនទៀត ដើម្បីបង្កើនជីវភាពសហគមន៍ និងពង្រឹងការការពារនិងអភិរក្សធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព៕
