
ព្រៃវែង៖ ពិតជាព្រហើនណាស់ប្អូន នេះប្រហែលជាករណីលើកទី១ហើយ ដែលក្រុមក្មេងទំនើងធ្វើសកម្មភាពដេញវាយកាប់ចាក់គ្នាចូលដល់បរិវេនស្នងការដ្ឋាននគរបាលខេត្តព្រៃវែងតែម្តង។ សកម្មភាពរបស់ប្អូនៗ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតដល់កងកម្លាំងមានសមត្ថកិច្ចមានភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានលើកឡើងថា៖ «ប្រហែលនេះគឺលើកទី១ហើយនៅស្រុកខ្មែរ។ ជាការប្រមាថដ៏ធ្ងន់ធ្ងរមួយដល់កម្លាំងសន្តិសុខខេត្ត ដែលមានខ្ញុំជាអ្នកដឹកនាំមួយរូប និងមិនអាចទទួលយកបានជាដាច់ខាត!»។
លោកស្នងការបន្ថែមទៀតថា៖ «ក្មេងៗសត្វមមាចមួយក្រុមនេះ ដេញគប់គ្នា និងវាយគ្នារហូតដល់ក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្ត ពិតជាមិនគួរឱ្យជឿទាល់តែសោះ»។ លោកផ្កាយពីរ ឈឿន ប៊ុនឆន លើកជាសំណួរថា តើខ្ញុំគួរធ្វើបែបណាចំពោះពួកគាត់ឱ្យសមនឹងទង្វើតិរច្ឆាននេះ?
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន សង្ឃឹមយ៉ាងមុតមាំថា «លោកចៅក្រមនៃខេត្តព្រៃវែងនឹងកំណត់ទោសទណ្ឌក្រុមនេះដោយសមរម្យបំផុត ពីព្រោះខ្ញុំយល់ឃើញថា ពួកនេះបើអប់រំត្រឡប់ទៅផ្ទះឱ្យកែខ្លួនក៏មិនចំណេញដល់សង្គមជាតិដែរ»។
ជាថ្មីទៀត លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន សូមផ្តាំយ៉ាងទទូច និងម៉ឺងមាត់ថា ក្មេងៗពាលដែលចូលចិត្តប្រព្រឹត្តអំពើពាលាអាវ៉ាសែទាំងឡាយក្នុងឃុំសង្កាត់ទាំង ១១៦ នៃខេត្តព្រៃវែង ឱ្យតែខ្ញុំបានដឹងថា ពួកអស់លោក លោកស្រីឯងបានប្រព្រឹត្តបទល្មើសហើយ ទោះគេចដល់ទីណាក៏តាមយកដែរ ហើយគ្មានឡើយវិធានការអប់រំនោះ៕