
ភ្នំពេញ៖ មុខសញ្ញាជនសង្ស័យពីរនាក់គូរសង្សារ ត្រូវបានកម្លាំងជំនាញនាយកដ្ឋានព្រហ្មទណ្ឌអគ្គស្នងការដ្ឋាននគរបាលជាតិបង្ក្រាប និងឃាត់ខ្លួនកសាងសំណុំបញ្ជូនទៅកាន់តុលាការ។
នាយកដ្ឋានព្រហ្មទណ្ឌបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញបញ្ជាដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០២និង០៨នាទីទៀបភ្លឺ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែនការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យនឹងមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត សុីម៉េង ជានាយការិយាល័យបានដឹកនាំកម្លាំងជំនាញ បានធ្វេីការឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០២នាក់ នៅចំណុច បណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យទាំងពីរនាក់ រួមមាន ទី១៖ ឈ្មោះ ឃុំ ចាន់ណាង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ទីកន្លែងស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ដៃដល់) និងទី២៖ ឈ្មោះ សែម ស្រីបូរ ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ទីកន្លែងស្នាក់នៅផ្ទះមិនលេខ ផ្លូវបេតុង ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ចំពោះសម្ភារដកហូតមាន៖ ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ JY-9061(របស់ជនសង្ស័យធ្វេីសកម្មភាព) និងសោរដែកអក្សរអិល ចំនួន០១, ដែកមុខស្រួច ចំនួន០១, ឧបករណ៍សម្រាប់បេីកគំរបសោរ ចំនួន០១។
នគរបាលបានបន្ថែមថា កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០២និង០០នាទីទៀបភ្លឺ ជនសង្ស័យបានធ្វេីសកម្មភាពចូលលួចកាច់សោរកម៉ូតូ ចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម ឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1AC-7032 បានសម្រេច នៅចំណុច បន្ទប់ជួលលេខ០៥ ផ្លូវលេខ១៦BT ភូមិសន្សំកុសល៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួចគេចខ្លួនបាត់។
បច្ចុប្បន្ន កម្លាំងជំនាញបាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីធ្វេីការសាកសួរតាមនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕