2025-05-05 12:30
12

ភ្នំពេញ ៖ ក្នុងពីធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០» ក្រោមធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងពីបញ្ហាប្រឈមនៃការកើនឡើង ជំងឺមហារីកនៅកម្ពុជា ខណៈមធ្យោបាយប្រយុទ្ធនឹងជំងឺមហារីករបស់កម្ពុជា នៅមានកម្រិតនៅឡើយ នៅទូទាំងប្រទេស។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ជារៀងរាល់ឆ្នាំប្រទេសកម្ពុជា មានអ្នកកើតជំងឺមហារីកថ្មីប្រមាណ ២០ ០០០ករណី។ ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋប្រមាណ ១៤ ០០០នាក់ បានបាត់បង់ជីវិតដោយសារជំងឺនេះ ដែលតួលេខទាំងពីរនេះ ដែលត្រូវឆ្លុះបញ្ចាំងអំពីសារៈសំខាន់ និងភាពបន្ទាន់នៃការដែលត្រូវចាត់វិធានការទប់ស្កាត់។

លោករដ្ឋមន្ត្រីសុខាភិបាលបានថ្លែងថា «អត្រាមរណៈដែលបង្កឡើងដោយជំងឺមហារីក៖ មនុស្សស្លាប់ជិត ១៤ ០០០នាក់ ក្នុងមួយឆ្នាំ ស្មើនឹងអត្រាខ្ពស់លើស ៧០% ពីព្រោះអត្រាជាមធ្យមនៅលើពិភពលោកគឺ ៤៨%។ អត្រាមរណៈដោយសារជំងឺមហារីកនេះ មានន័យថា មានមនុស្សស្លាប់ម្នាក់ដោយសារជំងឺមហារីក រៀងរាល់ ៤០នាទីម្តងនៅកម្ពុជា ឬប្រមាណ ៣៨នាក់ក្នុងមួយថ្ងៃ ធ្វើឱ្យគ្រួសារជាច្រើនធ្លាក់ទៅក្នុងទុក្ខលំបាក បន្សល់ទុក នូវកូនកំព្រា បុរសពោះម៉ាយ ឬស្ត្រីមេម៉ាយទុរគត»។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា «កាន់តែគួរឱ្យសោកសង្រេងទៅទៀតនោះ គឺសោកនាដកម្មនេះកើតមានលើកុមារផងដែរ ដែលក្នុងមួយឆ្នាំ មានប្រមាណ ៦០០ករណីនៅកម្ពុជា។ នៅទូទាំងពិភពលោក ជំងឺមហារីកកុមារអាចព្យាបាលជាសះស្បើយ ៨០% ប៉ុន្តែនៅកម្ពុជា អត្រានេះមានទាបជាង ២០%ប៉ុណ្ណោះ។ ប្រសិនបើស្ថានភាពនៅតែដដែល ជំងឺមហារីកនឹងឆក់យកជីវិតមនុស្សប្រមាណ ២១០ ០០០នាក់ ទាំងក្មេង និងចាស់ ក្នុងរយៈពេល ១៥ឆ្នាំខាងមុខ។ ចំនួននេះស្ទើរតែស្មើនឹងចំនួនប្រជាជនខេត្តស្ទឹងត្រែង ឬខេត្តកែប និងខេត្តប៉ៃលិនរួមបញ្ចូលគ្នា ឬជិតស្មើនឹងចំនួនប្រជាជននៅក្រុងសៀមរាប»។

បើតាមលោក ឈាង រ៉ា ជំងឺមហារីក មិនត្រឹមតែជាទម្ងន់នៃការឈឺចាប់សម្រាប់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងខាតបង់កម្លាំងដ៏សំខាន់សម្រាប់ជាតិផងដែរ។
ឆ្លើយតបនឹងការកើនឡើងនៃជំងឺមហារីកនេះ ក្រសួងសុខាភិបាលបានដាក់ចេញគោលដៅយុទ្ធសាស្ត្រទាំង៦ រួមមានដូចខាងក្រោម៖
១. លើកកំពស់ការបង្ការបឋមនៃជំងឺមហារីក តាមរយៈអន្តរាគមន៍នានា ដើម្បីកាត់បន្ថយកត្តាប្រឈមនៃជំងឺមហារីក ដែលរួមមានកត្តាសង្គម និងបរិស្ថានផងដែរ
២. ពិនិត្យស្រាវជ្រាវ និងរកឱ្យឃើញជំងឺមហារីកនៅដំណាក់កាលដំបូង ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានទាន់ពេលវេលា
៣. ធានានិរន្តរភាពនិងសមធម៌ ក្នុងការទទួលបានសេវាធ្វើរោគវិនិច្ឆ័យឱ្យបានឆាប់និងត្រឹមត្រូវ សម្រាប់ការព្យាបាល
៤. ធានានិរន្តរភាព និងសមធម៌ ក្នុងការទទួលបានសេវាព្យាបាល និងថែទាំសមស្រប និងប្រកបដោយ គុណភាព
៥. ពង្រឹងប្រព័ន្ធព័ត៌មានប្រព័ន្ធតាមដានជំងឺមហារីក និងការសិក្សាស្រាវជ្រាវ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការប្រយុទ្ធនឹងជំងឺមហារីក
៦. ពង្រឹងអភិបាលកិច្ច ការសម្របសម្រួលហិរញ្ញប្បទាន និងការត្រៀមខ្លួនពេលមានគ្រោះអាសន្នក្នុងការ ប្រយុទ្ធនឹងជំងឺមហារីក។
លោករដ្ឋមន្ត្រីបន្ថែមថា «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០» លើកទី១ ដែលត្រូវប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនេះ ជាឯកសារដ៏សំខាន់ ជាលទ្ធផលនៃការងាររយៈពេលវែងដែលបានប្រមូលផ្តុំ អ្នកជំនាញជាច្រើន នៅក្នុងក្រុមការងារបច្ចេកទេសកម្រិតខ្ពស់នៃក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។

ដើម្បីចាប់ផ្តើមអនុវត្តផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកឆ្នាំ២០២៥-២០៣០ ក្រសួងសុខាភិបាលបានធ្វើ ការប៉ាន់ប្រមាណថា ក្នុងឆ្នាំ២០២៥នេះ នឹងមានតម្រូវការធនធានថវិកាមួយចំនួន សម្រាប់អនុវត្តសកម្មភាពចម្បងៗ រួមមានការសិក្សាប៉ាន់ប្រមាណពីតម្រូវការធានធានសំខាន់ៗ សម្រាប់អនុវត្តផែនការជាតិរយៈពេល៦ឆ្នាំនេះ៕