2025-05-04 17:23
16

ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់សារជាថ្មីម្តងទៀតថា៖ «ទំហំក្រឡាផ្ទៃប្រទេសកម្ពុជា ១៨១ ០៣៥ គីឡូម៉ែតការ៉េ ដែលមានទំហំ ១៨១ ៤៣៦ គីឡូម៉ែត្រការ៉េ គឺកើតឡើងពីភាពលម្អៀង និងការវាស់វែងបច្ចេកទេស តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាកម្រិតស្តង់ដាអន្តរជាតិ (កម្មវិធីរបស់ក្រុមហ៊ុនអាមេរិក-ArcGIS) ដោយប្រើប្រាស់ខ្សែបន្ទាត់ព្រំដែនដែលបានឯកភាពគ្នាជាមួយប្រទេសជិតខាង។


សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា៖ «កាលជំនាន់បារាំងក្រុមភូមិរបស់គាត់បានវាស់ផ្ទៃក្រឡាដោយប្រើសត្វអូសខ្សែរពួរលើដីពីភូមិមួយទៅភូមិមួយៗ និងកន្លែងខ្លះប៉ាន់ស្មានទំហំ ឃើញមានទំហំផ្ទៃដីចាស់ ១៨១ ០៣៥ គីឡូម៉ែត្រការ៉េ ប៉ុន្តែក្រោយមកការវាស់វែងដោយប្រើបច្ចេកទេស GPS ទំនើប របស់សហរដ្ឋអាមេរិក ពេលនេះ បានរកឃើញមានទំហំផ្ទៃដី ១៨១ ៤៣៦ ម៉ែត្រការ៉េ ធ្វើឱ្យកើនឡើង រហូតដល់ទៅ ៤០០ គីឡូម៉ែត្រការ៉េ»។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានបែបនេះ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានលើកទី៧ នៅរាជធានីភ្នំពេញ។


សួរថាការកើនឡើងផ្ទៃដី ទំហំ ៤០០ គីឡូម៉ែត្រការ៉េនេះ តើបានមកពីណា? សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «នៅឆ្នាំ២០១២ ក្រុមបច្ចេកទេសរបស់អតីតអាជ្ញាធរជាតិរបស់កម្ពុជា បានយកកម្មវិធីក្រុមហ៊ុនអាមេរិក GIS គឺយកមកវាស់ដោយចុចព្រំប្រទល់កម្ពុជាវៀតណាម ដែលប្រើទិន្នន័យព្រំដែនឯកភាពគ្នា ដោយមិនរាប់បញ្ជូលកន្លែងមិនទាន់ចរចារឯកភាពគ្នានៅឡើយទេ ដោយប្រើប្រាស់ទិន្នន័យ ១/១០ពាន់ ហើយជាមួយព្រំដែនប្រទេសថៃ ប្រើទិន្នន័យ ១/២០ពាន់ ដោយប្រើតាមបច្ចេកវិទ្យា GPS ទាំងអស់ ដូចនេះកាលកាឡេមកដល់ពេលនេះ ឃើញ ១៨១ ៤៣៦ គីឡូម៉ែត្រការ៉េ»។


សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា៖ «ភាពលម្អៀងនេះ ដោយសំនួរសួរថា តើបារាំងជិះដំរីវាស់ មានភាពសុក្រឹត្យជាងប្រើ GPS វាស់ ដែរឬទេ? ដូចនេះសូមទុកឱ្យអ្នកបច្ចេកទេសឆ្លើយតបទៅចុះ តែនេះជាការពិត មិនមែនថ្នាក់ដឹកនាំកម្ពុជា ទៅយករបស់ពីណា ៤០០ គីឡូម៉ែត្រការ៉េ នោះទេ នេះទំហំធំណាស់ គឺកើតឡើងពីការលម្អៀង រវាងការកំណត់ព្រំដែនថ្មី»។


សម្តេចធិបតី បានថ្លែងសង្កត់ធ្ងន់ថា៖ «សូមជូនព័ត៌មានដល់បងប្អូនដែលឆ្ងល់ បានយកទៅ Troll ថានាយករដ្ឋមន្ត្រីទៅជប់ ៤០០ គីឡូម៉ែត្រការ៉េ មកមានតែទៅរកមើលសិន ហើយសម្រាប់បងប្អូនអ្នកសារព័ត៌មានដែលផ្សាយកន្លងទៅ អាចសូមឱ្យយល់បានពីរឿងនេះ ពីព្រោះនេះជាផ្នែកមួយនៃការផ្សាយព័ត៌មានសុក្រឹត្យ គឺព័ត៌មានដែលផ្អែកលើមូលដ្ឋានគ្រប់ជ្រុងជ្រោយ និងបច្ចេកទេស ប្រសិនជាខ្វះព័ត៌មាន យើងអាចជជែកគ្នា ហើយសូមបញ្ជាក់ថា មូលហេតុដែលមិនទាន់ប្រកាសតួលេខថ្មីនេះ (១៨១ ៤៣៦) ហើយ Update ជាផ្លូវការ ហើយប្រទេសខ្លះ គេបាន Update ជាផ្លូវការ នោះជាសិទ្ធិរបស់គេ ព្រោះគេមានទទ្ហ្បីករណ៍ច្បាស់លាស់ អត់មាននៅនឹងថ្កល់ ហើយអត់មានច្បាប់អន្តរជាតិហាមឃាតមិនឱ្យប្រទេសណាមួយ Update ធ្វើបច្ចុប្បន្នភាពលើផ្ទៃដីរបស់ខ្លួននោះទេ ដោយលើកលែងកុំឱ្យប៉ះពាល់ជាមួយប្រទេសជិតខាង ដែលស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ប្រទេសគេ»៕