
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសរសើចំពោះក្រសួងព័ត៌មាន បានបំពេញតួនាទីជាសេនាធិការរបស់រាជរដ្ឋាភិបាលបានយ៉ាងល្អប្រសើរ ដែលសម្របសម្រួលលើវិស័យព័ត៌មាន និងសោទស្សន៍ឱ្យមានការរីកចំរើនជាលំដាប់ ដោយបានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មាន ឱ្យបំពេញភារកិច្ចប្រកបដោយសីលធម៌ និងវិជ្ជាជីវៈ ក្នុងការយកព័ត៌មាន ចែករំលែក និងផ្សព្វផ្សាយព័ត៌មាន បានទូលំទូលាយបានទាន់ពេលទាំងក្រមខ័ណ្ឌជាតិ អន្តរជាតិ ក្រោមអភិក្រម «ថ្មី ពិត លឿន ទូលំទូលាយ ទំនុកចិត្ត និងប្រកបដោយវិជ្ជាជីវៈ» ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋានព័ត៌មាន។
ទន្ទឹមនឹងនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ ដែលបានប្រកាន់ខ្ជាប់ក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ក្នុងការផ្សព្វផ្សាយនូវព័ត៌មាននយោបាយ គោលនយោបាយ ក៏ដូចជាលិខិតបទដ្ឋានគតិយុទ្ធ និងសមិទ្ធផលនានារបស់រដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ ឱ្យបានទទួលព័ត៌មានពិត និងគ្រប់ជ្រុងជ្រោយ ហើយបាននាំយកនូវបញ្ហាកង្វង់ បញ្ហាប្រឈម និងទស្សនៈផ្សេងៗរបស់ប្រជាពលរដ្ឋាភិបាល ដើម្បីដោះស្រាយទាន់ពេលវេលា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «ការណ៍នេះ សបញ្ជាក់ថាអ្នកសារព័ត៌មានអាជីព គឺជាកញ្ចក់ឆ្លុះបញ្ចាំងដ៏រឹងមាំ ប្រកបដោយប្រសិទ្ធភាពនៅក្នុងសង្គម ដែលជាមូលដ្ឋានក៏សាងសទ្ចភាពជាប្រវត្តិសាស្ត្រ និងជួយប្រជាជនឱ្យជាផុតពី “ការបំភ័ន្ធ ការបំភ្លៃ ការបំភ្លើស” ដោយជនមួយក្តាប់តូច និងឈ្មួញនយោបាយ ព្រមទាំងជួយរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាឱ្យទាន់សភាពការ និងចំគោលដៅ»។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា៖ «នៅក្នុងសង្គមប្រជាធិបតេយ្យ សារព័ត៌មានជាអំណាចទី៤ ក្នុងប្រទេសនិតិរដ្ឋ បន្ទាប់ពីអំណាចនិតិបត្តិ អំណាចនិតិបញ្ញាត និងអំណាចតុលាការ ដោយសារសារព័ត៌មានមានឥទ្ធិពលលើនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយជារួម និងអំណាចទាំងបីនិយាយដោយឡែក តាមរយៈការពិភាក្សាវែកគញែករបស់មន្ត្រីសាធារណៈ និងស្ថាបននយោបាយក្នុងគោលបំណងលើកកម្ពស់ផលប្រយោជន៍សាធារណៈនិងតាមដាននូវការអនុវត្តអំណាចទាំងបី ដើម្បីឱ្យមានប្រតិតុល្យការ និងគណនេយ្យភាព ចំពោះទង្វើនៃអំណាចទាំងនេះ»។
សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង “ពិធីអបអរសាទរទិវាសេរីភាពសារព័ត៌មាន និងពិសាភោជនាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានលើកទី៧” នាល្ងាចថ្ងៃសៅរ៍ ទី០៣ ខែឧសភា ឆ្នាំ២០២៥ នៅអគារពាណិជ្ជកម្ម OCIC រាជធានីភ្នំពេញ ដោយមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចូលរួមប្រមាណជាង ៥ពាន់នាក់៕



