2025-05-01 13:54
26

តៃវ៉ាន់៖ តៃវ៉ាន់បានថ្កោលទោសប្រទេសសូម៉ាលី សម្រាប់ការហាមឃាត់អ្នកដំណើរដែលមានលិខិតឆ្លងដែនតៃវ៉ាន់មិនឱ្យចូល ឬឆ្លងកាត់អាហ្វ្រិកខាងកើត។

ក្រសួងការបរទេសតៃវ៉ាន់បាននិយាយថា ការហាមឃាត់នេះបានចូលជាធរមានកាលពីថ្ងៃពុធម្សិលមិញនេះ បន្ទាប់ពីបញ្ជាចេញដោយអាជ្ញាធរអាកាសចរណ៍សូម៉ាលីកាលពីសប្តាហ៍មុន។

ទាក់ទិននឹងបញ្ហានេះ សូម៉ាលីមិនទាន់ធ្វើការអត្ថាធិប្បាយលើការហាមប្រាមដែលកើតមានឡើងនោះទេ ខណៈដែលកោះតៃវ៉ាន់បានបង្កើនទំនាក់ទំនងជាមួយសូម៉ាលីឡែន ដែលបានបំបែកចេញពីសូម៉ាលីកាលពី 34 ឆ្នាំមុន ប៉ុន្តែភាគច្រើននៅតែមិនមានការទទួលស្គាល់ជាអន្តរជាតិនោះទេ។ 

នៅឆ្នាំ 2020 សូម៉ាលីលែន និងតៃវ៉ាន់បានបង្កើតស្ថានទូតនៅក្នុងរដ្ឋធានីរបស់គ្នាទៅវិញទៅមក ដោយនេះបានធ្វើឱ្យចិន និងសូម៉ាលី មានការខឹងសម្បារជាខ្លាំង។

បើយោងតាមក្រសួងការបរទេសតៃវ៉ាន់បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអង្គារថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសសូម៉ាលីបានចេញសេចក្តីជូនដំណឹងដល់ក្រុមហ៊ុនអាកាសចរណ៍ដោយបាននិយាយថា លិខិតឆ្លងដែនរបស់តៃវ៉ាន់ "នឹងលែងមានសុពលភាពសម្រាប់ការចូល ឬឆ្លងកាត់សាធារណៈរដ្ឋសហព័ន្ធសូម៉ាលី" ចាប់ពីថ្ងៃទី 30 ខែមេសានេះតទៅ ។

 ក្នុងនោះក្រសួងការបរទេសតៃវ៉ាន់បានបន្តថា "ក្រសួងការបរទេស បានតវ៉ាយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ប្រទេសសូម៉ាលីដែលធ្វើឡើងក្រោមការជំរុញរបស់ប្រទេសចិន ក្នុងការរឹតបន្តឹងសេរីភាពក្នុងការធ្វើដំណើរនិងសុវត្ថិភាពរបស់ជនជាតិតៃវ៉ាន់ ហើយបានទាមទារឱ្យរដ្ឋាភិបាលសូម៉ាលីលុបចោលការជូនដំណឹងនេះជាបន្ទាន់"។ 

បន្ថែមពីនេះ ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ក៏បានរាយការណ៍ដែរថា ក្រសួងបានជំរុញឱ្យប្រជាជនតៃវ៉ាន់ប្រឆាំងនឹងការធ្វើដំណើរ ទៅកាន់ប្រទេសសូម៉ាលី  ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ មុនពេលប្រទេសសូម៉ាលីបដិសេធការហាមឃាត់នេះ ។

ផ្ទុយទៅវិញ អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើការគាំទ្រចំពោះការសម្រេចចិត្តដាក់វិធានការបែបនេះរបស់សូម៉ាលី ដោយបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធម្សិលមិញនេះថា  ខ្លួន "វាយតម្លៃខ្ពស់" ចំពោះការហាមឃាត់នេះ ដោយហៅថាជា "វិធានការស្របច្បាប់" ដែល "ឆ្លុះបញ្ចាំងពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់សូម៉ាលីចំពោះគោលការណ៍ចិនតែមួយ" ។

គួរឲ្យដឹងថា ចិនធ្លាប់បានទទូចថា កោះតៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានគំរាមប្រើកម្លាំងប្រសិនបើចាំបាច់ដើម្បីនាំយកកោះនេះ ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។ 

ហើយបន្ទាប់ពីមានការជំរុញការទូតដោយប្រទេសចិន តៃវ៉ាន់ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាសាធារណៈរដ្ឋចិន គឺមានការទទួលស្គាល់ដោយប្រទេសមួយចំនួនតូចប៉ុណ្ណោះ៕