2025-02-19 13:58
123

ភ្នំពេញ-ករណីឃាតកម្ម កាប់សម្លាប់ប្រពន្ធ របស់ខ្លួនបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលា ម៉ោង១និង៥០នាទីយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្ទះ គ្មានលេខ ផ្លូវបេតុង ភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា-ជនសង្ស័យឈ្មោះ ឈឹម បញ្ញាពិទូរ្យ ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ អង្គរក្ស មានទីលំនៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានស្រុកកំណើតភូមិ កំពង់ចិន ឃុំកំពង់ចិន ស្រុកស្ទោងខេត្តកំពង់ធំ ។ ចំណែកសព ជនរងគ្រោះមានឈ្មោះ ម៉ុង ស្រីនាង ភេទស្រីអាយុ៤២ ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិ ក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមការរៀបរាប់ពីឪពុកបង្កើតរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា-រយៈកាលកន្លងមកជនរងគ្រោះ និង ជនសង្ស័យជាប្តី ឧស្សាហ៍ឈ្លោះប្រកែកគ្នា ហើយបុរសជាប្តីបានដកកាំភ្លើងបាញ់គំរាមសម្លាប់ប្រពន្ធ ជាច្រើនដងមកហើយដោយសារភ្លើងប្រច័ណ្ឌ និងទំនាស់គ្នាបញ្ហាលុយកាក់ ក្នុងការពុះដីឡូតិ៍លក់ និងសង់ផ្ទះល្វែងលក់ ដោយសារបង្វិលលុយមិនទាន់ ។

លុះនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង០១និង៥០នាទី រំលងអធ្រាត្រ ជនរងគ្រោះ និងជន សង្ស័យជាប្តី បានឈ្លោះប្រកែកគ្នានៅក្នុងបន្ទប់ដេក ពេលនោះឈ្មោះ ម៉ុង ប៉ោហេង ភេទប្រុស អាយុ៣៥ឆ្នាំ ជាប្អូនប្រុសបង្កើតរបស់ជនរងគ្រោះ បានលឺសំឡេងឈ្មោះប្រកែកគ្នា ក៏គោះទ្វារ អោយ បើក តែបងស្រីមិនបើក ហើយក៏ដើរត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ  ដែលមានចំងាយ ប្រហែល១៥ម៉ែត្រ ពីផ្ទះកើតហេតុ ក្រោយមកខ្លួនក៏បានក្រឡេកឃើញរថយន្តមួយគ្រឿងមិនចាំម៉ាក  ចតនៅលើផ្លូវបេតុង ក្រៅរបង មុខផ្ទះកើតហេតុ ពេលនោះក៏ឃើញឈ្មោះ ចឹក សូយ ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ ត្រូវជាប្អូនប្រុសបង្កើតរបស់ជនសង្ស័យ បានគ្រាបងប្រុសបង្កើតរបស់ខ្លួនចេញពីផ្ទះកើតហេតុ ឡើង ជិះរថយន្ត ដែលចតទុកនៅខាងក្រៅ ជិះគេចខ្លួនបាត់ភ្លាមៗតែម្តង។ 

បន្ទាប់មកឈ្មោះ ម៉ុង ប៉ោហេង មានការសង្ស័យក៏បានដើរទៅបន្ទប់ដេករបស់បងស្រី បើកទ្វារចូល ឃើញបងស្រីដេកនៅលើគ្រែក្នុងថ្លុកឈាម ដោយមានស្លាកស្នាម ខាងក្រោមត្រចៀកខាងស្តាំ ០២ កន្លែង, លើថ្ងាស់០១កន្លែង, លើក្បាលផ្នែកខាងឆ្វេង០២កន្លែង និងចាក់កញ្ចឹងកខាងឆ្វេង០១កន្លែង ខ្លួនក៏យករថយន្តផ្ទាល់ខ្លួន ដឹកបងស្រី ទៅកាន់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ លុះពេលទៅដល់ក្រុមគ្រូពេទ្យ បានពិនិត្យនៅលើរថយន្ត ហើយប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ប៉ុន្តែយ៉ាង នេះក្តីដោយសារតែមិនអស់ចិត្តក៏បន្តដឹកទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ជាបន្តទៀត លុះពេលទៅ ដល់ ក្រុមគ្រូពេទ្យបានប្រាប់ថាជនរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយបន្ទាប់មកក៏ដឹក មកតម្កល់ នៅផ្ទះរបស់ឪពុក ស្ថិតនៅ ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញដើម្បីរៀបចំចាត់ ចែងធ្វើបុណ្យតាមប្រពៃណី ។ 

ចំណែកជនដៃដល់ជាប្តីពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីស្វែងរកចាប់ខ្លួនយកមកផ្តន្ទា ទោសតាមផ្លូវច្បាប់ ។