
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥អគ្គនាយកអន្តោប្រវេសន៍បានបណ្តេញជនជាតិវៀតណាមប្រុសស្រីសរុប២១៣នាក់ ពាក់ព័ន្ធបទល្មើសខុសៗគ្នា ដូចជាបទឧក្រិដ្ឋ, លួចស្នាក់នៅ និងធ្វើការងារខុសច្បាប់, និងគ្មានលិខិតឆ្លងដែន ជាដើម។ ប្រតិបត្តិការបណ្តេញចេញនេះ ធ្វើឡើងរយៈពេល២ថ្ងៃជាប់គ្នា គឺចាប់ពីថ្ងៃទី៥ រហូតដល់៦ ខែកុម្ភៈ ឆ្នាំ២០២៥។ អនុវត្តតាមអនុសាសន៍លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បណ្តេញជនជាតិវៀតណាមសរុប២១៣នាក់ (ស្រី២៣នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងព្រៃវល្លិ៍ ខេត្តស្វាយរៀង ពាក់ព័ន្ធករណីលួចស្នាក់នៅ និងធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងអនុវត្តទោសចប់ (ក្នុងបទលួច បទឆបោក និងបទឆ្លងដែនខុសច្បាប់ បទបង្ខាំងមនុស្ស បទប្រើប្រាស់សារធាតុញៀន និងបទហិង្សាដោយចេតនា)។ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការបង្ក្រាប និងទទួលពីនាយកដ្ឋានចារកម្ម ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តស្វាយរៀង និងខេត្តកណ្តាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមណ្ឌលអប់រំកែប្រែទី១ នៃអគ្គនាយកដ្ឋានពន្ធនាគារ៕