
ខេត្តកំពត៖ នៅថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល ទទួលបន្ទុក គុណភាព សេវាមន្ទីរពេទ្យ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី ការរៀបចំសរសេរ នីតិវិធីប្រតិបត្តិស្តង់ដា ដល់មន្ត្រីមន្ទីរពេទ្យបង្អែក ដើម្បីរៀបចំបំពេញបន្ថែម និងធ្វើអោយបានកាន់តែប្រសើរ និយាមគុណភាពខ្ពស់នៃសេវាមន្ទីរពេទ្យ និងប្រព័ន្ធ បច្ចេកវិទ្យាពត៌មាន និងទំនាក់ទំនង ។
គោលបំណងរបស់វគ្គបណ្តុះបណ្តាលនេះ គឺដើម្បីបណ្តុះបណ្តាលដល់មន្ត្រី នៃមន្ទីរពេទ្យបង្អែកខេត្ត និងស្រុក ចំនួន៣០ មន្ទីរពេទ្យ (វគ្គទី៤ ដែលជាវគ្គចុងក្រោយក្នុងចំណោមមន្ទីរពេទ្យបង្អែក សរុប ទាំង១២០) ក្នុងការរៀបចំសរសេរ នីតិវិធីប្រតិបត្តិនិយាម (SOP) ដើម្បីបំពេញ និងកាន់តែទទួល បានគុណភាពសេវាមន្ទីរពេទ្យ ប្រកបដោយប្រសិទ្ធិភាព សុវត្តិភាព និងកាន់តែជម្រុញនូវការ អនុវត្ត ការងារបុគ្គលិកសុខសភិបាលប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់បន្ថែមទៀត។ ក្នុងវគ្គបណ្តុះ បណ្តាលទី៤នេះ ក្រុមការងារបានរៀបចំនីតិវិធីប្រតិបត្តិស្តង់ដា (SOP)ចំនួន១៨ ពីក្នុងក្រុមស្តង់ដា ដែលសំខាន់ៗរួមមាន៖ ១-សិទ្ធិនិងការទទួលខុសត្រូវរបស់អ្នកជំងឺនិងក្រុមគ្រួសារ ២-ការបង្ការនិង ការត្រួតពិនិត្យការចម្លងរោគ ៣-ការគ្រប់គ្រងធនធានមនុស្ស ៤-សេវាថែទាំអ្នកជំងឺ ៥-ការគ្រប់គ្រង ឱសថ ៦-សេវាគាំទ្រ បរិស្ថានសុវត្ថិភាពនិងសន្តិសុខមនី្ទរពេទ្យ និង ៧-ការគ្រប់គ្រងព័ត៌មាន សុខា ភិបាល។
សូមបញ្ជាក់ថាការវាយតម្លៃគុណភាពសេវាមន្ទីរពេទ្យដោយប្រើប្រាស់សំណុំឧបករណ៍តាមដានការកែលម្អគុណភាពសេវាសុខាភិបាលថ្នាក់ជាតិ កម្រិត២ (NQEMT 2) បានធ្វើឡើងជារៀងរាល់ឆមាស ចាប់ ពី ឆមាសទី២ ឆ្នាំ២០២៣ មកដល់បច្ចុប្បន្ននេះ បានធ្វើការវាយតម្លៃ ៣ជុំរួចមកហើយ។ ចំណែកការ វាយតម្លៃជុំទី៤ នឹងប្រព្រឹត្តទៅនៅខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។ វគ្គបណ្តុះបណ្តាលនេះនឹង ជម្រុញឱ្យលទ្ធផល នៃការវាយតម្លៃនៅជុំបន្តបន្ទាប់មានការកើនឡើងនូវពិន្ទុផងដែរ។
គួរបញ្ជាក់ថាសិក្ខាកាមដែល ចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះមាន ចំនួន ៧៨នាក់ មកពីមន្ទីរពេទ្យ បង្អែកខេត្ត ស្រុក ចំនួន៣០មន្ទីរពេទ្យ នៅក្នុងរដ្ឋបាលខេត្តចំនួន៦ គឺ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តរតនគិរី ខេត្តតាកែវ ខេត្តកោះកុង ខេត្តព្រះសីហនុ និងគ្រូសម្របសម្រួលមកពីការិយាល័យ ធានា គុណភាព នាយកដ្ឋានមន្ទីរពេទ្យ នៃក្រសួងសុខាភិបាល ព្រមទាំងគ្រូបង្គោល នៃរដ្ឋបាលខេត្តទាំង៦។
