2025-02-10 22:13
111

ត្បូងឃ្មុំ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានអះអាងថា តំណាងអយ្យការសម្រេចដោះលែងខ្មែរឥស្លាម២នាក់ ឲ្យនៅក្រៅឃុំក្រោមហេតុផលចំនួន៤ចំណុច បន្ទាប់ពីឆ្លងការសួរនាំយ៉ាងយកចិត្តទុកដាក់។

គួររម្លឹកដែរថា បុរសទាំង២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ សា សូទី អាយុ៣៨ឆ្នាំ (មេជាង) និងឈ្មោះ អិន ប្រុសទូច អាយុ២៥ឆ្នាំ (កូនជាង)។ នៅពេលនេះ សមត្ថកិច្ចដកហូតបាន កាំបិតបុ័ងតោ ចំនួន៣ដើម, កាំបិតស្នៀត ចំនួន៧ដើម, ដាវវែងចំនួន៣ដើម, ដាវខ្លីចំនួន៦ដើម, ពូថៅចំនួន២ដើម, កាំបិតផ្គាក់ដងវែងចំនួន៣ដើម, កាំបិតផ្គាក់ដងខ្លីចំនួន១ដើម, កាំបិតខ្វែវចំនួន២ដើម, ស្រោមដាវធ្វើអំពីឈើចំនួន៤, ស្រោមកាំបិតបុ័ងតោធ្វើពីឈើចំនួន១, ស្រាមកាំបិតធ្វើពីក្រណាត់ចំនួន៣, ឧបករណ៍សម្រាប់កែឆ្នៃកាំបិតចំនួន៥ និងម៉ូទ័រចំនួន៥ ។

ប៉ុន្តែ តំណាងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានសម្រេចដោះលែងខ្មែរឥស្លាម២នាក់ ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន បន្ទាប់ពីកម្លាំងនគរបាលខេត្តបានឃាត់ខ្លួន (ពាក់ព័ន្ធការធ្វើកាំបិតលក់ចែកចាយក្នុងគ្រួសារ) កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅភូមិទួលសំបូរ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានអះអាងថា ហេតុផលទាំង៤ចំណុច ដែលសម្រេចឲ្យតំណាងអយ្យការដោះលែងនោះ រួមមាន៖ ទី១៖ ការផលិតរបស់ពួកគាត់ដើម្បីលក់ដូរជាលក្ខណៈគ្រួសារបន្ដជំនាន់មកហើយ, ទី២៖ មិនទាន់មានព្យសនកម្មណាមួយកើតឡើងដោយសារការលក់ដូររបស់ពួកគាត់, ទី៣៖ ធ្វើកិច្ចសន្យាអប់រំណែនាំកុំឲ្យផលិតអាវុធបែបប្រហារប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងទី៤៖ បន្ដនីតិវិធីស្រាវជ្រាវ៕