2025-02-09 17:19
173

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតី សម្ពោធសមិទ្ធផលនានា ក្នុងពទ្ធសីមាវត្តសំរោងបុរី ហៅវត្តសំរោង ស្ថិតនៅបរិវេណវត្តសំរោងបុរី ភូមិរៀវ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានលើកឡើងថា៖ បើយើងក្រឡេកថយក្រោយទៅកាន់សម័យប៉ុលពតជារបបវាលពិឃាត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាជាច្រើននាក់បានស្លាប់បាត់បង់ជីវិត ដោយមានការយកជីវិតទៅប្ដូររបស់សម្ដេចទាំងទ្វេ និងឥស្សរជនឆ្នើមដទៃទៀត បានរំដោះប្រទេសជាតិរួចចាកផុតពីរបប ខ្មៅងងឹត យង់ឃ្នង ធ្វើប្រទេសជាតិទទួលបានសុខសន្តិភាព រហូតមកដល់ពេលបច្ចុប្បន្ន ។

ឯកឧត្តម បានបន្តទៀតថា៖ ផ្តើមចេញពីការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ និងអនុវត្តប្រកបដោយជោគជ័យ នូវគោលនយោបាយយុទ្ធសាស្ត្រ និងវិធានការកែទម្រង់មុតស្រួចជាច្រើន សំដៅជំរុញនូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យប្រកបដោយចីរភាព និងបរិយាប័ន្ន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។ 

បើតាមការឲ្យដឹង ពីលោក សេង សុខឃឿន អភិបាលស្រុកត្បូងឃ្មុំ វត្តសំរោងបុរី (ហៅវត្តសំរោង) ត្រូវបានផ្តើមកសាង ឡើងនៅឆ្នាំ១៨៩៧ គិតមកដល់បច្ចុប្បន្នមានអាយុកាល ១២៨ឆ្នាំហើយ  ចាប់តាំងពីកកើតវត្ត រហូតមកដល់បច្ចុប្បន្នមាននេះ មានព្រះតេជគុណចំនួន ៧អង្គបានគង់នៅជាព្រះចៅអធិការ រហូតមកដល់ពេលបច្ចុប្បន្ននេះ ព្រះនាមព្រះមហារាជបុរិសោ មឿន សុជាតិ បន្តការថែរក្សា ស្ថាបនា និងកសាងនូវសមិទ្ធផលនានាជាច្រើនទៀត។

ដោយឡែក សមិទ្ធផលត្រូវសម្ពោធឆ្លង រួមមាន ៖ ១-ផ្លូវបេតុង ១ខ្សែ ២.ផ្លូវក្រាលក្រួសក្រហម ៣.របងវត្ត ៤.ក្រាលឥដ្ឋកន្សែងខាងមុខព្រះវិហារ ៥.ក្រាលការ៉ូឡាជុំវិញព្រះវិហារ ៦.ចាក់សាបខាងជើងព្រះវិហារ ៧.ក្រាលការ៉ូឡាខាងជើងព្រះវិហារ ៨.បន្ទប់អនាម័យ ៩.រូបសត្វរាជសីហ៍ ១០.រោងសម្រាប់ទទួលភ្ញៀវ សរុបចំណាយលើការសាងសង់អស់ចំនួន ១៣៣.៣៨០ ដុល្លារផងដែរ៕