
ខេត្តមណ្ឌលគិរី៖ នាថ្ងៃព្រហស្បតិ៍ ៩ កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការទទួលបន្ទុកការងារបច្ចេកទេសសេវាសុខភាពបឋមនៅកម្រិតមណ្ឌលសុខភាពក្នុងខេត្តចំនួន ១៣ និងជាប្រធានក្រុមការងារក្របខ័ណ្ឌអនុវត្តន៍ការជំរុញបង្កើនការថែទាំសុខភាពបឋម បានបំពេញបេសកកម្មនៅខេត្តមណ្ឌលគិរី ដើម្បីដឹកនាំកិច្ចប្រជុំស្ដីពីវឌ្ឍនភាពនៃការងារកែលម្អគុណភាពសេវាមណ្ឌលសុខភាព និងការជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅក្នុងខេត្តនេះ។ កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យមើលលើសមិទ្ធិផលការងារកែលម្អគុណភាពសេវាមណ្ឌលសុខភាព និងការងារជំរុញបង្កើនការថែទាំសុខភាពបឋមនៅក្នុងខេត្តមណ្ឌលគិរី ពិភាក្សាស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានា និងជំរុញការចូលរួមបន្ថែមទៀតពីដៃគូពាក់ព័ន្ធ។
កិច្ចប្រជុំនេះ បានធ្វើឡើងនៅសាលប្រជុំនៃសាលាខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ វិន ស៊ីធួន អភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តមណ្ឌលគីរី ឯកឧត្តមប្រធានមន្ទីរសុខាភិបាលខេត្ត រដ្ឋបាលក្រុង និងស្រុកទាំង ៥ អនុប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធាន និងមន្រ្តីនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែកខេត្ត ប្រធានមណ្ឌលសុខភាពទាំង ១៦កន្លែង មេឃុំ និងចៅសង្កាត់ទាំង ២១ រួមទាំងដៃគូរអភិវឌ្ឍវិស័យសុខាភិបាល ដែលសរុបសមាសភាពចំនួន ៧៣នាក់។
