2025-02-06 18:15
130

ភ្នំពេញ៖ បុរសម្នាក់តែងតែវាយធ្វើបាបប្រពន្ធញឹកញាប់ ក៏ត្រូវបានប្រពន្ធលែងលះ ហើយក្រោយមកក៏បានជាប់ពន្ធនាគាររយៈពេល២ឆ្នាំផងដែរពីបទប្រើប្រាស់អាវុធខុសច្បាប់ និងទើបចេញមកវិញហើយសុំរួមរស់ជាមួយប្រពន្ធបាន៣ទៅ៤ខែប៉ុណ្ណោះ មិនរាងចាលសោះបានបន្តវាយធ្វើបាបប្រពន្ធទៀត ។ រហូតប្រពន្ធទ្រាំងលែងបាននិងខ្លាចប្ដីសម្លាប់ ក៏បាននាំកូនស្រីតូចម្នាក់គេចខ្លួនទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់មកបុរសនេះបានទិញសាំងប្រុងដុតផ្ទះចោល ហើយក៏ត្រូវប្អូនថ្លៃប្ដឹងឲ្យនគររបាលឃាត់ខ្លួនតែម្ដង ។បុរសខាងលើត្រូវបាន នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ត្រពាំងក្រសាំងក្រសាំងឃាត់ខ្លួនកាលពីវេលា ម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិត្រពាំងអណ្ដូង ហៅភូមិប៉ម សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ជនសង្ស័យឈ្មោះ ម៉ាង ស៊ីនាន ហៅអាធាន អាយុ៣១ឆ្នាំ មានទីលំនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍ជ័យ ចំណែកប្រពន្ធឈ្មោះរឿង សុខនាង អាយុ៣៣ឆ្នាំ មានកូន២នាក់ប៉ុន្តែកូនប្រុសអាយុ១១ឆ្នាំម្នាក់ស្លាប់ ដោយសារលង់ទឹក នៅសល់កូនស្រីម្នាក់អាយុ៨ឆ្នាំ សព្វថ្ងៃរស់នៅក្នុងភូមិត្រពាំងអណ្ដូង ហៅភូមិប៉ម សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

បើតាមស្រ្តីឈ្មោះរឿង សុខចាន់ ៣១ឆ្នាំ ត្រូវជាប្អូនថ្លៃបាននិយាយថា ជនសង្ស័យនិងបងស្រីនាងបានលែងលះគ្នា៥ទៅ៦ឆ្នាំមកហើយ ព្រោះតែជននេះវាយធ្វើបាបខ្លាំងពេក ហើយក៏បានជាប់ពន្ធនាគារ២ឆ្នាំទៀតផង ពីបទប្រើប្រាស់អាវុធខុសច្បាប់ និងទើបតែចេញពីពន្ធនាគារប៉ុណ្ណោះ ។ ចំណែកកាលពី៣ខែមុនកូនប្រុសរបស់ពួកគេអាយុ១១ឆ្នាំម្នាក់បានលង់ទឹកស្លាប់ ហើយជននេះក៏បានមកចូលរួមធ្វើបុណ្យសពកូនដែរ រួចបានឆ្លៀតឱកាសសុំត្រូវរ៉ូវជាមួយប្រពន្ធវិញ ។

ប្រភពដដែលបានឲ្យដឹងបន្តថា ពេលនោះកូនស្រីតូចបានអង្វរសុំឲ្យម្ដាយត្រូវរ៉ូវគ្នាជាមួយឪពុកវិញ ហើយដោយសារតែអាណិតកូនស្រីផងនិងមានការយល់ព្រមពីក្រុមគ្រួសារផង ទើបប្រពន្ធព្រមរួមរស់ជាមួយគ្នាវិញ ។ លុះដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៥ ដែលជាថ្ងៃបញ្ចប់បុណ្យ១០០ថ្ងៃសពកូនប្រុស ជននេះបានផឹកស៊ីស្រវឹង រួចអូសដៃប្រពន្ធចូលបន្ទប់ហើយវាយ និងយកខ្សែក្រវាត់រឹត ក ព្រមទាំងយកស្ព្រ៉ាយនិងថ្នាំបាញ់មូសបាញ់ដាក់មុខនិងភ្នែកប្រពន្ធ ហើយគំរាមសម្លាប់ចោលទៀត ។

ប្រភពខាងលើបានឲ្យដឹងបន្តឣោយដឹងទៀតថា ពេលនោះក្រុមគ្រួសារអត់ដឹងនោះទេ លុះដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយភ័យខ្លាចប្ដីសម្លាប់ ក៏បាននាំកូនស្រីលួចចាកចេញពីផ្ទះទៅលាក់ខ្លួននៅក្រុងប៉ោយបែត ខេត្តបន្ទាយមានជ័យ ក្រោយមកទើបកូនស្រីតូចខលប្រាប់ឲ្យក្រុមគ្រួសារដឹង ។ បន្ទាប់មកក្រុមគ្រួសារបានចាក់សោររបងផ្ទះឈប់ឲ្យជននោះចូលផ្ទះ ប៉ុន្តែជននេះបានហែករបងសំណាញ់ដែកទិញសាំង២ដបចូលទៅសម្ងំប្រុងដុតផ្ទះចោល ទើបប្អូនថ្លៃប្ដឹងនគរបាលឲ្យឃាត់ខ្លួន ហើយខណៈនោះនគរបាលលួងលោមទំរាំតែជននេះព្រមចេញពីក្នុងផ្ទះទើបចាប់ខ្លួនបាន ចំណែកប្រពន្ធក៏បានចាកចេញពីក្រុងប៉ោយប៉ែតត្រលប់មកផ្ទះវិញហើយ ដើម្បីដាក់ពាក្យបណ្ដឹងឲ្យនគរបាលចាត់ការជននេះតាមផ្លូវច្បាប់ផងដែរ ៕