2025-02-04 18:05
72

ទីតាំងទី១ ស.វ.ស៖ រសៀលថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល ស.វ.ស រួមជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ”ស.វ.ស” បានទទួលស្វាគមន៍ និងជួបប្រជុំជាមួយ លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨ ) ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីជាសមាជិក សមាជិកាគណ:កម្មការទី៨ នៃរដ្ឋសភា។ 

អង្គប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកក្រុមប្រឹក្សាភិបាល ស.វ.ស ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃ ស.វ.ស និងឯកឧត្តមសមាជិកក្រុមប្រឹក្សាភិបាល ស.វ.ស ព្រមទាំងវត្តមានថ្នាក់ដឹកនាំនៃស.វ.ស។

ឯកឧត្តមសាស្រ្តាចារ្យ យីត  ស៊ុនណារ៉ា បានសម្តែងនូវស្វាគមន៍ និងថ្លែងអំណរគុណចំពោះគណៈកម្មការទី៨ នៃរដ្ឋសភាដែលបានចំណាយពេលវេលាមានតម្លៃអញ្ជើញមកស.វ.ស ដោយផ្ទាល់។ 

ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ បានគោរពជូន លោកជំទាវ ឡោក ខេង  ព្រមទាំងឯកឧត្តម លោកជំទាវ គណៈកម្មការទី៨ នៃរដ្ឋសភា ជ្រាបអំពីវឌ្ឍនភាពនៃសាកលវិទ្យាល័យលើការងារសិក្សាធិការ, ការសិក្សាស្រាវជ្រាវ, ការផ្តល់សេវា, ការងារសង្គម, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, កិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ, ការទទួលស្គាល់គុណភាព ថ្នាក់ជាតិ និងអន្តរជាតិ, ទិសដៅបន្តឆ្នាំ២០២៥ និងបញ្ហាប្រឈមផ្សេងៗរបស់សាកលវិទ្យាល័យ។

លោកជំទាវ ឡោក ខេង និងសមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់នូវវឌ្ឍនភាពការបណ្តុះបណ្តាល ការស្រាវជ្រាវ នវានុវត្តន៍ និងការផ្តល់សេវា នៅស.វ.ស ជាពិសេសភាពលេចធ្លោនៃការទទួលស្គាល់ គុណភាពបណ្តុះបណ្តាល នៅ ស.វ.ស ទាំងកម្រឹតជាតិ និងអន្តរជាតិ។ បន្ថែមនេះ សមាជិក គណៈកម្មការទី៨ នៃរដ្ឋសភា បានថ្លែងអំណរគុណចំពោះការចូលរួមរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្នុងការផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋ តាមបណ្តាខេត្តនានា និងការចូលរួមសកម្មភាពសង្គមផងដែរ។

លោកជំទាវប្រធាន និងសមាជិក គណៈកម្មការទី៨ នៃរដ្ឋសភា បានទទួលជ្រាបនូវការបកស្រាយសំណួរផ្សេងៗ ទាក់ទងនឹងការបណ្តុះបណ្តាល នៅស.វ.ស និងផ្តល់ការគាំទ្រដល់ដំណើរការ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ស្របតាមគោលនយោបាយ និងគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការឈានទៅរកការគ្របដណ្តប់សុខភាពជាសាកលជូនប្រជាពលរដ្ឋកម្ពុជា ។

ក្នុងឱកាសនោះ គណៈប្រតិភូគណៈកម្មការទី៨នៃរដ្ឋសភា អមដំណើរដោយក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំនៃស.វ.ស បានអញ្ជើញទស្សនកិច្ចដោយផ្ទាល់នៅមន្ទីរពិសោធន៍បង្ហាញត្រាប់មហាវិទ្យាល័យវេជ្ជសាស្រ្ត, បន្ទប់ប្រឡងកុំព្យូទ័រ, គ្លីនិកទន្តវទសាស្រ្ត, បណ្ណាល័យ, មន្ទីរពិសោធន៍បង្ហាញត្រាប់បច្ចេកវិទ្យាឱសថ មន្ទីរពិសោធន៍រ៉ូដុលហ្វមេរីយើរបស់ស.វ.ស៕