2025-01-29 20:34
109

ព្រះវិហារ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុង «ពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី» របស់ក្រុមហ៊ុន ចម្ការកៅស៊ូ ទ្រី ភាព អ៊ីមផត អិចផត ឯ.ក ដែលស្ថិតក្នុងឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។ 

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សង្ឃឹមយ៉ាងមុតមាំថា រោងចក្រកែច្នៃកៅស៊ូថ្មីនេះ នឹងជួយបង្កើតការងារបន្ថែមក្នុងមូលដ្ឋាន ជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង នៅក្នុងខេត្តព្រះវិហារ និងទូទាំងប្រទេស ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបន្ថែមថា ការចូលរួមរបស់វិស័យឯកជន ដែលបានអនុវត្តការងារស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល បាននឹងកំពុងជំរុញវិស័យឯកជនអនុវត្ត និងលើកកម្ពស់ការកែច្នៃផលិតផលកសិកម្ម តាមរយៈការធ្វើឱ្យប្រសើរឡើង និងការធ្វើទំនើបកម្មផ្នែកកសិ-ឧស្សាហកម្ម ក៏ដូចជាការជំរុញឱ្យមានការវិនិយោគលើកសិផលកែច្នៃ។

សូមជម្រាបថា ក្រុមហ៊ុន ទ្រី ភាព អ៊ឹមផត អិចផត ឯ.ក និងក្រុមហ៊ុនដ៏ទៃទៀត ដែលបានកំពុងបោះទុនវិនិយោគ ក្នុងវិស័យកសិកម្ម ព្រមទាំងលើកទឹកចិត្តឱ្យមានការវិនិយោគកាន់តែច្រើន ដើម្បីបង្កើតការងារ លើកកម្ពស់ប្រាក់ចំណូលប្រជាពលរដ្ឋ ជំរុញការនាំចេញ និងលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិផងដែរ៕