
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា៖ «ថ្ងៃនេះឆ្លៀតចុះមើលស្ថានភាពស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋ និងសកម្មភាពអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរបស់ ក្រសួងធនធានទឹក នៅស្រុកស្អាង ខេត្តកណ្តាល និង ស្រុកព្រៃកបាស និងស្រុកបាទី ខេត្តតាកែវ ដោយស្រូវដែលត្រូវបានសង្គ្រោះ និងកំពុងបន្តអន្តរាគមន៍សង្គ្រោះ នៅខេត្តទាំងពីរមានប្រមាណជិត ១ម៉ឺនហិកតា»។
សម្តេចធិបតីបានបន្ថែមទៀតថា៖ «ក្នុងពេលជាមួយគ្នា ខ្ញុំក៏បានឆ្លៀតពិនិត្យវឌ្ឍនភាពនៃការកសាង និងស្តារប្រឡាយលេខ៧៦ ដែលជាកំណាត់មួយនៃប្រព័ន្ធប្រឡាយរំដោះទឹកដែលខ្ញុំបានអនុម័ត្រឱ្យធ្វើពីឆ្នាំកន្លងទៅ។ ប្រឡាយនេះតភ្ជាប់ពីប្រឡាយ៩៦ និងដើរតួនាទីជួយបញ្ជៀសទឹកពីរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការជន់លិចរាជធានី ដោយតភ្ជាប់ពីស្ទឹងព្រែកត្នោតទៅទន្លេបាសាក់»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «ក្រៅពីបញ្ជៀសទឹកពីរាជធានីភ្នំពេញ ប្រព័ន្ធប្រឡាយនេះដែលតភ្ជាប់ពីភ្នំឱរ៉ាល់ ក៏នឹងជួយផ្គត់ផ្គង់ទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងស្រោចស្រប់ដំណាំបានរាប់សែនហិកតានៅខេត្តកំពង់ស្ពឺ កណ្តាល និងតាកែវ នាពេលខាងមុខផងដែរ»៕