2025-01-28 11:04
157

ការផ្អាកជាសកលនាពេលថ្មីៗនេះ នៃការផ្តល់មូលនិធិរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ដោយផ្តួចផ្តើមដោយប្រធានាធិបតីអាមេរិកដែលទើបនឹងជាប់ឆ្នោតថ្មីៗគឺលោក Donald Trump ទំនងជាមិនមានផលប៉ះពាល់ខ្លាំងទៅដល់ទិដ្ឋភាពសេដ្ឋកិច្ចទាំងមូលរបស់ព្រះរាជាណាចក្រកម្ពុជានោះទេ។

 នេះបើយោងទៅតាមការចុះផ្សាយពីគេហទំព័រ Khmer Times កាលពីថ្ងៃទី ២៩ ខែ មករា ម្សិលមិញនេះ។

លោក សំ សឿន ដែលជាអ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ការផ្អាកជំនួយរបស់សហរដ្ឋអាមេរិករយៈពេល ៩០ថ្ងៃ មិនមែនសំដៅលើប្រទេសជាក់លាក់ណាមួយនោះទេ ប៉ុន្តែអនុវត្តជាសកល លើកលែងតែប្រទេសអ៊ីស្រាអែល និងអេហ្ស៊ីបប៉ុណ្ណោះ។ ក្នុងនោះលោកបានលើកឡើងថា «ក្នុងនាមជាអ្នកសង្កេតការណ៍សេដ្ឋកិច្ចសង្គម ខ្ញុំទទួលស្គាល់ថាជំនួយរបស់សហរដ្ឋអាមេរិកដើរតួនាទីយ៉ាងសំខាន់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្នុងវិស័យដូចជា វិស័យសុខាភិបាល ការអប់រំ និងការដោះមីន។ 

ទោះជាយ៉ាងណាក៏ដោយ វាមិនមែនជាប្រភពដ៏សំខាន់បំផុតនៃការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា (RGC) នោះទេ»។ 

លោកបានបន្ថែមទៀតថា ផ្នែកដ៏ច្រើននៃជំនួយពី USAID គឺសំដៅទៅរកអង្គការមិនមែនរដ្ឋាភិបាល ឬស្ថាប័នក្រៅការគ្រប់គ្រងរបស់រដ្ឋាភិបាល។ 

ការបន្ថែមបែបនេះដោយសារតែលោកបានកត់សម្គាល់ឃើញថា “ខណៈពេលដែលជំនួយនេះមានសារៈសំខាន់ បើទោះបីជាវាត្រូវបានកាត់ផ្តាច់ក៏ដោយក៏រដ្ឋាភិបាលនៅតែអាចគ្រប់គ្រង និងរៀបចំផែនការស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសប្រកបដោយប្រសិទ្ធភាព។ លោក សំ សឿន ក៏បានសង្កត់ធ្ងន់ថា ការផ្អាកនេះ មិនគួរត្រូវបានចាត់ទុកជាឧបាយកលនយោបាយរបស់សហរដ្ឋអាមេរិក ក្នុងគោលបំណងដាក់សម្ពាធឱ្យព្រះរាជាណាចក្រកម្ពុជាផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួននោះឡើយ។

ក៏ព្រោះតែការផ្អាកនេះ គឺជាលទ្ធផលនៃការសម្រេចចិត្តផ្ទៃក្នុងរបស់ប្រធានាធិបតីអាមេរិកថ្មី ដែលជំរុញដោយតម្រូវការក្នុងការដោះស្រាយបញ្ហាក្នុងស្រុក អភិរក្សមូលនិធិជាតិសម្រាប់ការអភិវឌ្ឍន៍ ការពារប្រជាពលរដ្ឋពីគ្រោះមហន្តរាយធម្មជាតិ និងស្ថិរភាពសេដ្ឋកិច្ចជាដើម។

គួរបញ្ជាក់ផងដែរថា គោលបំណងនៃការផ្អាកជំនួយរបស់សហរដ្ឋអាមេរិកនេះគឺដើម្បីវាយតម្លៃឡើងវិញ និងតម្រឹមជំនួយបរទេសរបស់សហរដ្ឋអាមេរិកឡើងវិញដោយបញ្ឈប់ជាបណ្តោះអាសន្ននូវកម្មវិធីជំនួយបរទេសទាំងអស់ ដើម្បីធានាថាពួកគេស្របតាមគោលបំណងគោលនយោបាយការបរទេសរបស់រដ្ឋបាល។
 
ហើយកាលពីសប្តាហ៍មុន រដ្ឋបាល Trump ក៏បានសម្រេចចិត្តផ្អាកជំនួយដល់ប្រទេសទាំងអស់ក្នុងរយៈពេលប្រហែល ៣ ខែ ដើម្បីវាយតម្លៃឡើងវិញថា តើជំនួយបរទេសណាដែលផ្តល់ផលប្រយោជន៍ដល់សហរដ្ឋអាមេរិក និងថាតើត្រូវបន្ត ឬកាត់បន្ថយវា។ 

ខណៈដែលការផ្អាកនេះប្រហែលជាមិនប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរបស់កម្ពុជានោះទេ។ 

យ៉ាងណាមិញ ទាក់ទិនជាមួយនឹងការកាត់ជំនួយនេះនឹងមិនមែនជាបញ្ហាធ្ងន់ធ្ងរសម្រាប់ប្រទេសកម្ពុជាទេ ព្រោះថាកម្ពុជាមិនពឹងផ្អែកទាំងស្រុងទៅលើជំនួយបរទេសនោះទេ។ 

ប៉ុន្តែអ្វីដែលជាក្តីបារម្ភនោះគឺស្ថិតនៅលើថា តើម្ចាស់ជំនួយធំៗផ្សេងទៀតនឹងធ្វើតាមការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិកដែរឬយ៉ាងណា?