2025-01-28 10:52
114

កណ្តាល៖ អភិបាលខេត្តកណ្តាល លោក គួច ចំរើន បានប្រកាសឱ្យអតិថិជនដែលទិញដីគម្រោង ក្រុមហ៊ុន 7NG ស្ថិតនៅឃុំវិហាសួគ៌ ស្រុកខ្សាច់កណ្តាល ដែលជាន់លើគម្រោងផ្លូវ ៦០ម៉ែត្រ ចំនួន ២១៥ ឡូតិ៍ប្រញាប់យកឯកសារពាក់ព័ន្ធមកពិនិត្យ និងផ្ទៀងផ្ទាត់លើដីឡូតិ៍របស់ខ្លួន ដែលរដ្ឋបាលខេត្តបានសម្របសម្រួលជាមួយក្រុមហ៊ុនរៀបចំផ្លាស់ប្តូរទីតាំងដីឡូតិ៍ថ្មី។

លោក គួច ចំរើន អភិលបាលខេត្តកណ្តាល បានបង្ហោះសារលើបណ្តាញសង្គមផ្លូវការរបស់លោកយ៉ាងដូច្នេះថា៖ «សូមអតិថិជន​ របស់​ 7NG ដែលជាន់លើគម្រោងផ្លូវ​ ៦០ម៉ែត្រកន្លងមក​ ចំនួន​ ២១៥ ​ឡូតិ៍ អញ្ជើញមកពិនិត្យ​ ដី​ឡូតិ៍​ ក្រោយបានសម្រុះសម្រួលរៀបចំរួច​តាមពេលវេលា​ទីកន្លែង​ជំរាបជូន។ លោកអភិបាលខេត្ត ក៏បានជូនពរបងប្អូនប្រជាពលរដ្ឋនាឱកាសចូល​ឆ្នាំចិន​ រីករាយ​ សុខសប្បាយ​ សុភមង្គល​ ជោគជ័យ​ មានបានទាំងអស់គ្នាផងដែរ​»

យោងតាមលិខិតជូនដំណឹងរ​​បស់ រដ្ឋបាលខេត្តកណ្តាល ជូនដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលបានទិញដីឡូតិ៍ពី ក្រុមហ៊ុន 7NG ស្ថិតនៅឃុំវិហាសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មេត្តាជ្រាបថា៖ «ចំពោះដីឡូតិ៍ ចំនួន ២១៥ ឡូតិ៍ របស់ប្រជាពលរដ្ឋ ដែលបានទិញពី ក្រុមហ៊ុន 7NG ហើយប៉ះពាល់លើគម្រោងផ្លូវហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវ៦០ម៉ែត្រ) សូមបងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធខាងលើយកឯកសារមកពិនិត្យ និងផ្ទៀងផ្ទាត់លើដីឡូតិ៍របស់ខ្លួន ដែលរដ្ឋបាលខេត្តបានសម្របសម្រួលជាមួយក្រុមហ៊ុន រៀបចំផ្លាស់ប្តូរជូនដល់បងប្អូនប្រជាពលរដ្ឋ នូវទីតាំងដីឡូតិ៍ថ្មីទាំង ២១៥ ឡូតិ៍ (ដូចមានក្នុងផែនទីជូនភ្ជាប់) ស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ និងភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល»។ 

ចំពោះកាលបរិច្ឆេទ នៃការយកឯកសារពាក់ព័ន្ធមកពិនិត្យ និងផ្ទៀងផ្ទាត់ ដើម្បីទទួលយកដីឡូតិ៍ថ្មី គឺអនុវត្តចាប់ពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងនោះ រដ្ឋបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធនឹងដីឡូតិ៍ទាំង ២១៥ ឡូតិ៍ ខាងលើមកពិនិត្យ និងផ្ទៀងផ្ទាត់តាមគោលការណ៍ កំណត់ខាងលើឱ្យបានទាន់ពេលវេលា។ 

រដ្ឋបាលខេត្តកណ្តាល បានបញ្ជាក់ថា៖ «ចំពោះទីតាំងសម្រាប់ការយកឯកសារពាក់ព័ន្ធមកពិនិត្យ និងផ្ទៀងផ្ទាត់ គឺនៅទីស្នាក់ការរបស់ ក្រុមហ៊ុន 7NG។ អាស្រ័យដូចបានជម្រាបជូនដំណឹងខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ដែលមានដីឡូតិ៍ពាក់ព័ន្ធទាំង ២១៥ ឡូតិ៍ អញ្ជើញមកពិនិត្យដីឡូតិ៍ថ្មី ដែលរដ្ឋបាលខេត្ត និងក្រុមហ៊ុនបានរៀបចំជូន និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់»