
ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា៖ «យុវជនត្រូវហាត់ពុតលត់ដំខ្លួនជាមួយការងារ ដោយមិនត្រូវរុញរាក្នុងការធ្វើការងារលំបាកៗឡើយហើយត្រូវរៀនសូត្រពីការងារជាប្រចាំ។
ធ្វើបែបនេះទើបក្លាយខ្លួនជាមនុស្សពូកែ និងមានប្រយោជន៍សម្រាប់គ្រួសារ និងសង្គម»។
ឯកឧត្តម ប៉ែន បូណា បានបន្តថា៖ «ក្នុងវ័យនេះ ក្មួយៗត្រូវខិតខំធ្វើការងារលំបាកៗឱ្យបានច្រើន ដោយមិនត្អូញត្អែរ មិនមើលបំណាំគ្នា និងមិនខ្លាចនឿយហត់ទើបក្លាយជាមូលធនមនុស្សសម្រាប់ជាតិ»។
បើតាមឯកឧត្តម ប៉ែន បូណា បានលើកឡើងទៀតថា៖ «លើពិភពលោកយើងនេះ គ្មានការងារណាស្រួលហើយបានប្រាក់ខែច្រើននោះទេ ដូច្នេះយុវជនកុំទម្លាប់ធ្វើការងារតិច តែត្រូវមានទម្លាប់ធ្វើការងារច្រើន ហើយសប្បាយចិត្ក រីករាយជាមួយការងារដែលខ្លួនកំពុងធ្វើ ទើបទទួលបានសមិទ្ធផលល្អសម្រាប់ខ្លួនឯងនាពេលអនាគត»។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានសង្កត់ធ្ងន់ថា នៅពេលដែលអ្នកធ្វើការងារច្រើនជាងគេមិនត្រូវគិតថា ហេតុអ្វីខ្លួនខិតខំធ្វើការច្រើនជាងគេ ហើយទទួលបានប្រាក់ខែដូចគេដែលធ្វើការតិចជាងនោះឡើយ ព្រោះនេះជាគំនិតមិនជឿនលឿន និងរារាំងការលូតលាស់និងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឯង។
ផ្ទុយទៅវិញ ក្មួយៗត្រូវគិតថា យើងមានការងារធ្វើច្រើន មានន័យថា យើងជាមនុស្សមានប្រយោជន៍និងមានសមត្ថភាពទើបថ្នាក់ដឹកនាំប្រគល់ការងារឲ្យច្រើន។
នេះជាអ្វីដែលយើងត្រូវសប្បាយចិត្ត ពីព្រោះកន្លែងធ្វើការណាក៏ដោយ ក៏គេត្រូវការមនុស្សដែលមានប្រយោជន៍ដែរ។
ការលើកឡើងរបស់ ឯកឧត្តម ប៉ែន បូណា បានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្ដីពី «ជំនាញសម្របសម្រួលកម្មវិធី» នៅសាលសេរីភាពនៃអគារទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ដោយមានលោកបណ្ឌិត ប្រាក់ សម្ផស្ស សាស្ត្រាចារ្យនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ជាគ្រូឧទ្ទេសនៅក្នុងវគ្គបណ្តុះបណ្តាលនេះផងដែរ។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល (អ.អ.រ) បានរៀបរាប់ថា៖ «អ.អ.រ បានយកចិត្តទុកដាក់លើការរៀបចំកម្មវិធីបណ្ដុះបណ្ដាលផ្ទៃក្នុងសម្រាប់ថ្នាក់ដឹងនាំក្រុមជំនួយការ និងមន្ត្រីរាជការ ដើម្បីឱ្យការងារប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងអភិវឌ្ឍការងារបានមួយកម្រិតទៀត ទាំងជំនាញទន់និងជំនាញរឹង»។
ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីសង្ឃឹមថា សិក្ខាកាមដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ នឹងអាចយល់ដឹងពីជំនាញសម្របសម្រួលនិងចំណេះជំនាញថ្មីៗ ដើម្បីឆ្លើយតបនឹងតម្រូវការការងារប្រចាំថ្ងៃរបស់អង្គភាពបាន។
ឯកឧត្តមក៏បានថ្លែងអំណរគុណដល់លោកគ្រូឧទ្ទេសនាម ប្រាក់ សម្ផស្ស សាស្ត្រាចារ្យពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដែលបានចំណាយពេលវេលាពេញមួយថ្ងៃដើម្បីចែករំលែកចំណេះដឹងនិងបទពិសោធ មកបង្ហាត់បង្រៀនពីរបៀបសម្របសម្រួលនៅក្នុងវគ្គបណ្តុះបណ្តាលនេះ៕
