2025-01-27 13:52
135

ភ្នំពេញ៖ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី បុត្រ កំព្រា មេបញ្ជាការរងទទួលការងារហ្វឹកហ្វឺន បានដឹកនាំកិច្ចប្រជុំចាប់ឆ្នោតជ្រើសរើសក្រុមបែងចែកពូលដើម្បីប្រកួតពានរង្វាន់កីឡាបាល់ទាត់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោកនាយសេនាធិការរងប្រធានមន្ទីរ ព្រមទាំងនាយ-នាយរង អាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ 

គោលការណ៍នៃការប្រកួតកីឡាដណ្តើមពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញនេះផងដែរ គឺតម្រូវឲ្យអង្គភាពចំណុះ កងរាជអាវុធហត្ថរាជធានីភ្នំពេញរួមមាន មន្ទីរ ចំនួន ០៧, វរអន្តរាគមន៍ចំនួន ០១ និងមូលដ្ឋានអាវុធហត្ថខណ្ឌចំនួន ១៤ ត្រូវបង្កើតក្រុមតាមអង្គភាពរៀងខ្លួន ដោយជ្រើសរើសកីឡាករចេញពីអង្គភាពខ្លួនឯងដើម្បីចូលរួមធ្វើការប្រកួតដោយប្រើរូបមន្តប្រកួតជម្រុះក្នុងពូលនិងជ្រើសរើសយកក្រុមដែលឈ្នះក្នុងពូលនីមួយៗមកធ្វើការប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិផ្តាច់ព្រ័ត្រ។
 
គោលបំណង នៃការរៀបចំការប្រកួតកីឡាបាល់ទាត់នេះ ក៏ដូចជាឆ្នាំមុនៗដែរ គឺដើម្បីនាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព និងជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន ស្របតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជលើផ្ទៃប្រទេសជាពិសេសការគាំទ្រវិស័យកីឡាបាល់ទាត់ គឺឆន្ទៈដ៏មុតមាំរបស់លោកឧត្ដមសេនីយ៍ ឯក រ័ត្ន ស្រ៊ាង ដែលមានតាំងពីលោកនៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យមកម៉្លេះ៕