
បន្ទាយមានជ័យ៖ លោកបណ្ឌិត ព្រំ សុមានី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពន្យល់បងប្អូនប្រជាកសិករឱ្យបានយល់យ៉ាងច្បាស់អំពីបញ្ហាស្រូវអង្ករសធ្លាក់ថ្លៃ ជាហេតុបណ្តាលមកពីការបញ្ចេញអង្ករលើទីផ្សាររបស់ប្រទេសឥណ្ឌា និងការផ្អាកការបញ្ជារទិញពីវៀតណាម និងចិនក្នុងកំឡុងពេលចូលឆ្នាំចិន។
មន្ត្រីរូបនេះ បានពន្យល់ប្រជាកសិករបែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំក្រុមការងារចុះជួបសំណេះសំណាលជាមួយកសិករអ្នកផលិតស្រូវប្រាំង និងស្រូវវស្សារ នៅឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ កន្លងទៅនេះ។
ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាលើបញ្ហាដែលប្រជាកសិកកំពុងជួបប្រទះក្នុងពេលបច្ចុប្បន្នដូចជា ការខ្វះទឹកក្នុងការធ្វើស្រែប្រាំង, ការប្រើប្រាស់ពូជស្រូវមិនសុទ្ធទិន្នផលស្រូវទាប, ខ្វះបច្ចេកទេសក្នុងការប្រើប្រាស់ជី-ថ្នាំ និងតម្លៃកសិផលទាបជាដើម។
លោកបណ្ឌិត ព្រំ សុមានី បានគូសបញ្ជាក់ថា៖ «ទាក់ទងនឹងការខ្វះទឹកក្នុងការធ្វើស្រូវប្រាំង សាលាស្រុកបានជូនដំណឹងដល់ប្រជាកសិករជាមុនរួចហើយ និងស្នើឱ្យប្រជាកសិករស្នើសុំមកឃុំ មុននឹងធ្វើស្រែប្រាំង ដើម្បីឃុំអាចពិនិត្យលើលទ្ធភាពនៃការផ្តល់ទឹក ដោយសារអាងស្តុកទឹកមានកំណត់ ហើយតម្រូវការប្រើប្រាស់មានច្រើនរួមទាំងទឹកសម្រាប់ស្រូវប្រាំង សម្រាប់ការចិញ្ចឹមសត្វ ដាំបន្លែ និងការប្រើប្រាស់ក្នុងជីវភាពប្រជាជន២ភូមិ គឺភូមិតាយឹង និងភូមិព្រៃវែង ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ម្យ៉ាងទៀតក្នុងទីតាំងនេះក៏មិនមានប្រភពទឹកដែលអាចបូមអន្តរាគមន៍បានដែរ»។
លោកបណ្ឌិត បានពន្យល់ប្រជាកសិករឱ្យបានយល់យ៉ាងច្បាស់អំពីបញ្ហាស្រូវអង្ករសធ្លាក់ថ្លៃ ជាហេតុបណ្តាលមកពីការបញ្ចេញអង្ករលើទីផ្សាររបស់ប្រទេសឥណ្ឌា និងការផ្អាកការបញ្ជាទិញពីវៀតណាម និងចិនក្នុងកំឡុងពេលចូលឆ្នាំចិនខាងមុខ។
លោកបណ្ឌិត ក៏បានលើកទឹកចិត្តឱ្យកសិករផ្លាស់ប្តូរមកធ្វើលើពូជក្នុងស្រុក ដោយតំណាងសហគមន៍ធានាថា នឹងអាចផ្គត់ផ្គង់ពូជបានដោយពូជមានការបញ្ជាក់ត្រឹមត្រូវ និងផ្តល់ឥណទានឱ្យកសិករបង់មុនតែ ៣០% នៃថ្លៃពូជនិងជួយរកទីផ្សារជូនប្រជាកសិករថែមទៀតផង។
នៅក្នុងជំនួបនោះដែរ ប្រជាកសិករក៏បានឯកភាពទទួលស្គាល់ថា បើពួកគាត់ធ្វើស្រែប្រាំង នោះពួកគាត់នឹងប្រឈមលើបញ្ហានេះដោយខ្លួនឯង។
កន្លងមកឃុំគំរូមានការធ្វើស្រូវប្រាំងតែ ១០ ហិកតា ប៉ុណ្ណោះ តែឆ្នាំនេះមានប្រជាជនប្រមាណ ៥៤ គ្រួសារ ដែលចង់ធ្វើស្រែប្រាំងរហូតដល់ជិត ៦០ ហិកតា។
បន្ថែមពីនេះ ប្រជាកសិកស្នើសុំឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បន្តជួយគាំទ្រ និងបង្កើតសហគមន៍ស្រូវនៅក្នុងឃុំគំរូ ដើម្បីទទួលបានការអភិវឌ្ឍក្នុងសហគមន៍របស់ខ្លួន និងជួយដល់ប្រជាកសិករក្នុងការទទួលបានការផ្តល់វគ្គបណ្តុះបណ្តាលថ្មីៗ ស្តីពីការប្រើប្រាស់ជី ការជ្រើសរើសពូជសុទ្ធ និងការថែរទាំនិងស្នើសុំការបង្កើតសហគមន៍ស្រូវក្នុងឃុំគំរូ និងមានអំណាចក្នុងការចរចាទីផ្សារ៕

