
ភ្នំពេញ៖ គិតមកដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិត ក្រោមហិរញ្ញប្បទានពីសាធារណៈរដ្ឋប្រជាមានិតចិន ស្ថិតនៅលើស្ទឹងសែន ក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ បច្ចុប្បន្នសម្រេចបានលទ្ធផលប្រមាណ៤៨%។
នេះបើតាមការបញ្ជាក់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅឡើបណ្តាញសង្គមផ្លូវការ នៅព្រឹកថ្ងៃចន្ទនេះ។
សម្តេចធិបតី បានសរសេរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិត នឹងផ្តល់ផលអត្ថប្រយោជន៍ជូនដល់ប្រជាកសិកររួមមាន៖ ប្រជាកសិករចំនួន ២៥.០០០ គ្រួសារ ស្មើនឹង ៨៥.៣០០ នាក់ ស្ថិតក្នុងស្រុកបារាយណ៍ ស្រុកកំពង់ស្វាយ ស្រុកប្រាសាទសំបូរ ស្រុកសណ្តាន់ ស្រុកសន្ទុក និងស្រុកស្ទោង ខេត្តកំពង់ធំ នឹងទទួលបានទឹកស្រោចស្រពគ្រប់គ្រាន់សម្រាប់ដំណាំស្រូវ ដំណាំរួមផ្សំ និងទឹកប្រើប្រាស់ប្រចាំថ្ងៃ។
សម្តចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖ ទំនប់ដងកាំបិតបានផ្តល់ទឹកស្រោចស្រពលើផ្ទៃដីស្រែនៅផ្នែកខាងក្រោមចំនួន ១៣១.៣២៣ ហិកតា បង្កើនទិន្នផលស្រូវពី ៤ តោន ទៅ ៥,៤ តោន/ហិកតា អត្រាទិន្នផលកើនឡើងដល់ ៣៥ ភាគរយ និងអាចបង្កើនទិន្នផល ១៨៣.៨០០ តោន/ប្រចាំឆ្នាំ។
បច្ចុប្បន្នក្រុមការងារអភិវឌ្ឍន៍បានសាងសង់ទំនប់សរុបប្រវែង ២.៦៨០ ម៉ែត្រ និងសាងសង់ផ្លូវចូលទីតាំងទំនប់សរុបប្រវែង ១៦,៦ គីឡូម៉ែត្រ និងទទឹង ៧ ម៉ែត្រ។
