
កំពង់ធំ៖ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម តំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងសហការី បានចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងដែលប្រឈមនឹងការខ្វះខាតទឹកស្រោចស្រព ស្ថិតក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ។
នៅក្នុងឱកាសនោះលោកបានបញ្ជាក់ថា ការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងក្នុងឃុំ បន្ទាយស្ទោងមានចំនួន ២ កន្លែង ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកចំនួន ២គ្រឿង និងអេស្កាវាទ័រចំនួន ១គ្រឿង និងបានអនុវត្តចាប់តាំងពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥កន្លងមក ដោយចែកចេញជា ២ជំហាន គឺនៅជំហានទី១ ក្រុមការងារបានអន្តរាគមន៍បូមទឹកសង្គ្រោះសូ្រវប្រាំងជាបឋមសម្រេចបាន ២ភូមិ គឺភូមិ ស្រោមដែក និងភូមិបន្ទាយស្ទោង ស្មើនឹងផ្ទៃដី ១៣៩,៥ហិកតា។
ឆ្លៀតនៅក្នុងឱកាសនោះដែរលោកប្រធាន ក៏បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបបញ្ហាខ្វះខាតទឹកស្រោចស្រពស្រូវប្រាំងក្នុងឃុំបន្ទាយ ស្ទោងនិងបានបញ្ជាក់ពីការយកចិត្តទុកដាក់គិតគូរដោះស្រាយនូវបញ្ហាចំពោះមុខរបស់បងប្អូនប្រជាពលរដ្ឋពីសំណាក់ ប្រមុខរាជរដ្ឋា ភិបាល គឺសម្ដេច មហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិត្រូវ មានកិច្ច សហការគ្នាខ្ពស់ក្នុងបែងចែកពេលវេលា ឬដាក់វេនគ្នា ដើម្បីធ្វើការបូមទឹកបញ្ចូលស្រែ។
ទន្ទឹមនិងនោះលោកបានណែនាំដល់អាជ្ញាធរភូមិ ឃុំ ត្រូវធ្វើការតាមដានយកចិត្តទុកដាក់និងរាយការណ៍ ជាបន្ទាន់រាល់ការខ្វះខាតទឹកស្រោចស្រពស្រែស្រូវកសិករនៅក្នុងមូលដ្ឋានរបស់ខ្លួនដល់ក្រុមការងារ ដើម្បីបានជួយសង្គ្រោះទាន់ពេលវេលា។
សូមបញ្ជាក់ថាការបូមទឹកសង្គ្រោះស្រូវប្រាំងក្នុងឃុំបន្ទាយស្ទោងនេះមានចំនួន៣៨៥ហិកតា ដែលសរុប ប្រជាពលរដ្ឋចំនួន ៥០១គ្រួសារ ក្នុងភូមិចំនួន១០ ។


