2025-01-23 17:47
167

(កំពត) ៖     នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៥នេះលោក ឈឹម ម៉េង នៃមន្ទីរបរិស្ថានខេត្តកំពតបានប្រាប់ឲ្យដឹងថានៅដើមរដូវ នៃវត្តមានសត្វក្រៀលចុះមករកចំណី ក្បែរផ្ទះប្រជាពលរដ្ឋនិងស្នាក់នៅក្នុងដែនអភិរក្សតំបន់ការពារទេសភាពអន្លង់ព្រីង ស្ថិតក្នុងឃុំបឹងសាលាខាងត្បូងស្រុកកំពង់ត្រាច ខេត្តកំពត ក្នុងឆ្នាំ២០២៥ គេឃើញមានវត្តមានសត្វក្រៀលដែលជាប្រភេទសត្វកម្រផុតពូជ ប្រមាណជិត ៧០ក្បាលហើយ បានធ្វើដំណើរមកដល់ ក្នុងនោះមានវ័យជំទង់ចំនួន ៩ក្បាលផង។

លោក ឈឹម ម៉េង មន្ត្រីនៃមន្ទីបរិស្ថានខេត្តកំពត ទទួលបន្ទុកគ្រប់គ្រងតំបន់ការពារទេសភាពអន្លង់ព្រីង បានឱ្យដឹងថា បន្ទាប់ពីមានសត្វក្រៀល២ ឬ៣ក្បាលបានមកចុះមើលស្ថានការណ៍រួចត្រឡប់ទៅវិញកាលពីចុងខែធ្នូ មកដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ វត្តមានសត្វក្រៀលនៅបឹងអន្លង់ព្រីងមានចំនួន ៦៧ក្បាល ក្នុងនោះវ័យជំទង់ចំនួន ៩ក្បាលផង។ ពេលនេះជាដើមរដូវ នៃវដ្តធ្វើដំណើរសត្វក្រៀលក្នុងការរកចំណី និងស្នាក់នៅក្នុងដែនអភិរក្សបឹងអន្លង់ព្រីង។

ផ្អែកតាមចំនួននេះ លោកសង្ឃឹមថាក្នុងឆ្នាំ២០២៥ បរិមាណសត្វក្រៀលនៅបឹងអន្លង់ព្រីង អាចមានការកើនឡើងជាងឆ្នាំកន្លងទៅ ព្រោះកាលពីខែមករា ឆ្នាំ២០២៤ សត្វក្រៀលបានធ្វើដំណើរមកដល់ដំបូងមានត្រឹមតែ ២៧ក្បាលប៉ុណ្ណោះ។

ភាពអំណោយផលចំពោះសត្វក្រៀលនៅតំបន់អន្លង់ព្រីងនាពេលបច្ចុប្បន្ន នៅបរិវេណជុំវិញ ក្រុមអ្នកអភិរក្សបានបង្កើនចំណីតាមរយ:ការព្រួសស្រូវដែលហៅថា “ស្រែមិត្តក្រៀល” ទុកជាចំណីសម្រាប់ពួកវា។

សូមបញ្ជាក់ថា តំបន់អភិរក្សសត្វក្រៀលបឹងធម្មជាតិអន្លង់ព្រីង ស្ថិតក្នុងឃុំបឹងសាលាខាងត្បូង និងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ក្បែរខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម។

ដើម្បីបានដល់រមណីយដ្ឋានធម្មជាតិមួយនេះ ភ្ញៀវអាចធ្វើដំណើរចេញពីទីប្រជុំជនស្រុកកំពង់ត្រាច ឆ្ពោះទៅទិសខាងត្បូងប្រមាណជាង ១១គីឡូម៉ែត្រ។

បឹងអន្លង់ព្រីងដែលស្ថិតនៅក្នុងហ្នឹងឃុំបឹងសាលាខាងត្បូងជាទីកន្លែងដ៏សំខាន់មួយសម្រាប់សត្វក្រៀលឆ្លងកាត់ និងស្នាក់នៅដើម្បីរកចំណីពេញមួយរដូវ បន្ទាប់ពីតំបន់អភិរក្សបឹងព្រែកល្ពៅខេត្តតាកែវ។ បន្ទាប់ពីនេះ ហ្វូងសត្វក្រៀលនឹងធ្វើដំណើរចាកចេញពីអន្លង់ព្រីងទៅស្នាក់នៅខេត្តឧត្តរមានជ័យ រួចបន្តទៅពួនសម្ងំក្នុងខេត្តព្រះវិហារដើម្បីពងកូន។  សត្វក្រៀល ជាប្រភេទសត្វកម្រដែលជិតផុតពូជ ដែលត្រូវបានគេកត់ត្រាក្នុងសៀវភៅក្រហមពិភពលោកថា ជាសត្វកម្រ និងជិតផុតពូជពីភពផែនដី។(សឹង រ៉ាត់)