2025-01-23 16:31
230

ពោធិ៍សាត់ៈ  នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរងផែនការងារនគរបាលសណ្តាប់ធ្នាប់ ដឹកនាំ កម្លាំងនគរបាល នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយមន្ត្រី នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូន ចុះចែកខិតប័ណ្ណផ្សព្វផ្សាយ និងសៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក ដល់បងប្អូនប្រជាពលរដ្ឋនៅចំណុចស្តុបសាលាខេត្ត ដើម្បីឲ្យប្រជាពលរដ្ឋដែលបើកបរទោចក្រយានយន្តត្រូវយល់ដឹង ។ 

លោកឧត្តមសេនីយ៍ត្រី នូវ តាល់   បានមានប្រសាសន៍ថា ដើម្បីកាត់អាត្រាគ្រោះថ្នាក់ចរាចរណ៍ នៅកំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន-វៀតណាម នាពេលខាងមុខ និងទទួលបានការចង្អុលការ ពីលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត លោកបានដឹកនាំកម្លាំងក្រោមឱវាទ ចុះធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដល់ប្រជា ពលរដ្ឋអោយពួកគាត់យល់ដឹងពី ការបើកបរ ការប្រើប្រាស់ផ្លូវ គោរពសិទ្ធិអទិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក កាត់បន្ថយអាត្រាគ្រោះថ្នាក់ រក្សាលំនឹងនៃសុខភាពសាធារណៈ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ  ។ លោកឧត្តមសេនីយ៍ត្រី ស្នងការរង បានបញ្ជាក់បន្ថែមថា នៅថ្ងៃនេះលោកបានដឹកនាំកម្លាំងចរាចរណ៍ សហការជាមួយមន្ត្រី នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូន ចុះចែកខិតប័ណ្ណផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកចំនួន៣០០សន្លឹក និងចែកចាយសៀវភៅយល់ដឹងស្តីពីចរាចរណ៍ផ្លូវគោក ចំនួន៣០០ក្បាល និងបំពាក់មួកសុវត្ថិភាពចំនួន៤មួក ដល់ប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់គោលដៅផ្សព្វផ្សាយ ហើយបងប្អូនប្រជាពលរដ្ឋបានសហការចូលរួមយ៉ាងផុលផុសគួរជាទីមោទនៈ៕ លាន គ្រន