
(ត្បូងឃ្មុំ): បន្ទាប់ពីទទួលបានប្រភពព័ត៌មានពីប្រជាពលរដ្ឋ និងបងប្អូនសារព័ត៌មាន មានការដុតប្លាស្ទិក ដែលបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ ភ្លាមៗនាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រុមការងារ នៃមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ ដឹកនាំដោយ លោក សុះ អ៉ីលយេស អនុប្រធានមន្ទីរ និងការិយាល័យជំនាញនៃមន្ទីរ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ បានចុះធ្វើការត្រួតពិនិត្យប្រភពបំពុលបរិស្ថាន នៅទីតាំងទិញអេតចាយ៧៧ ដែលមានម្ចាស់ឈ្មោះលោក លឹម ផេង មានទីតាំងស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
យោងតាមរបាយការណ៍ព័ត៌មាន ស្ដីពីការត្រួតពិនិត្យប្រភពបំពុលបរិស្ថាន របស់មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ក្រុមការងារត្រួតពិនិត្យ បានណែនាំដល់ម្ចាស់ទីតាំងទិញអេតចាយ ៧៧នេះ រួមមាន:
-ហាមដុតសំណល់ ពិសេសសំណល់ប្លាស្ទិកជាដាច់ខាត
-ត្រូវការពារការលិចជ្រាប សំណល់រាវ ចេញពីទីតាំង ចូលដីស្រែប្រជាពលរដ្ឋ ឬប្រឡាយសាធារណៈ។
-ក្នុងករណី មានការដុតសំណល់ប្លាស្ទិក ការបង្ហូរសំណល់រាវ ចូលប្រឡាយសាធារណៈ ឬមានពាក្យបណ្ដឹងណាមួយ ម្ចាស់ទីតាំង ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
-មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ នឹងចេញលិខិតបញ្ជាកែប្រែជូនដល់ម្ចាស់ទីតាំង។
ជាមួយគ្នានោះដែរ តំណាងម្ចាស់ទីតាំងអេតចាយខាងលើ មានឈ្មោះ ងួន សុខឆាយ ដែលត្រូវជាមេការ បានឯកភាព តាមការណែនាំរបស់ក្រុមការងារត្រួតពិនិត្យ ព្រមទាំងបានសំណូមពរដល់អាជ្ញាធរ ក៏ដូចជាក្រុមការងារផងដែរ ក្នុងករណីមានប្រជាពលរដ្ឋ លួចកាយបង្ហូរទឹក ឬបង្ករការខូចខាតដល់ទំនប់ ឬរបង លោកស្នើសុំផ្ដល់សំណងដល់ម្ចាស់ទីតាំងវិញផងដែរ៕