2025-01-23 13:38
133

រាជធានីភ្នំពេញ៖ នៅទីស្តីការក្រសួងសុខាភិបាល នាព្រឹកថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥  ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្ដម  អ៊ូ អ៊ី ណូ អាត់ ស៊ូ ស៊ី ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាអមដោយលោក សាណុយ កាហ្សូម៉ាស្សា ប្រធានតំណាងការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំប្រទេសកម្ពុជា និងក្រុមការងារបានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីប្រគល់-ទទួល ឡដុតសំណល់ឆ្លងរោគចំនួន២៩ ក្រោមគម្រោងកែលម្អការគ្រប់គ្រងសំណល់ឆ្លងរោគនៅកម្ពុជាជូនក្រសួងសុខាភិបាល ដែលជាអំណោយរបស់ប្រជាជននិងរដ្ឋាភិបាលជប៉ុន ។ 

នៅក្នុងឱកាស ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានសំដែងនូវសេចក្តីសោមនស្សរីករាយ ចំពោះការរួមចំណែកដ៏ធំធេងរបស់រដ្ឋាភិបាលជប៉ុន ជូនប្រជាជននិងរាជរដ្ឋាភិបាលកម្ពុជា ដែលអំណោយដ៏ថ្លៃថ្លានេះមានសារៈសំខាន់ ស្របទៅនឹងតម្រូវការចាំបាច់របស់វិស័យសុខាភិបាល ក្នុងការពង្រឹងមូលដ្ឋានសុខាភិបាល និងធ្វើឱ្យប្រសើរឡើងនូវស្ថេរភាពបរិស្ថានក្នុងមន្ទីរពេទ្យ។

គួរបញ្ជាក់ថាឡដុតសំណល់ឆ្លងរោគទំនើបទាំង២៩ ដែលជាជំនួយឥតសំណងនេះ បានបំពាក់នូវបច្ចេកវិទ្យាទំនើបរបស់ជប៉ុនដែលមានសមត្ថភាពធ្វើប្រព្រឹត្តកម្មសំណល់រហូតដល់ ១៤៥២គីឡូក្រាម ក្នុង១ថ្ងៃ នៅតាមមន្ទីរពេទ្យក្នុងខេត្តគោលដៅចំនួន១០ រួមមាន៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង កំពងចាម កំពត កណ្តាល ក្រចេះ ព្រៃវែង សៀមរាប និងខេត្តស្វាយរៀង។ 

ឡដុតនេះ មាន ប្រសិទ្ធភាពប្រព្រឹត្តកម្មទៅលើទី១ សំណល់ឆ្លងរោគទី២ សំណល់សរីរាង្គកាយទី៣ សំណល់វត្ថុមុតស្រួច និងទី៤ សំណល់ឱសថ (បរិមាណតិចតួច)។

ជាមួយគ្នានោះឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ដល់មន្ត្រីសុខាភិបាលទទួលបន្ទុកផ្នែកសំណល់ឆ្លងរោគ ត្រូវថែទាំ ឡតាមគោលការណ៍ណែនាំឱ្យបានត្រឹមត្រូវ ខិតខំអនុវត្តការងារតាម នីតិវិធីប្រព្រឹត្តកម្មសំណល់ឆ្លងរោគ ដើម្បីធានាបាននូវការប្រើប្រាស់ឡដុត ក្នុងរយៈពេលយូរប្រកបដោយសុវត្ថិភាពចំពោះបរិស្ថាននិងត្រូវសហការគាំទ្រមណ្ឌលសុខភាពធ្វើប្រព្រឹត្តកម្មសំណល់ឆ្លងរោគ ដើម្បីធានាសុវត្ថិភាព។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ជំនួយនេះជាអំណោយដ៏វិសាលភាពធំធេងដែលនឹងចូលរួមជួយកាត់បន្ថយការចម្លងរោគក្នុងមន្ទីរពេទ្យ ធ្វើឱ្យប្រសិទ្ធិភាពនៃការព្យាបាលមានការកើនឡើង កាត់បន្ថយនូវមេរោគស៊ាំថ្នាំកាត់បន្ថយរយៈពេលស្នាក់នៅរបស់អ្នកជំងឺក្នុងមន្ទីរពេទ្យព្រមទាំងបានសង្កត់ធ្ងន់ថា គម្រោងនេះបង្ហាញពីការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងរដ្ឋាភិបាលជប៉ុននិងរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ប្រជាជននិងរដ្ឋាភិបាលជប៉ុន តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនបានលើកកំពស់កិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍប្រព័ន្ធសុខាភិបាល ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។