
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា នៅក្នុងកិច្ចការងារសតិអារម្មណ៍ ក្រសួងព័ត៌មានជាឆ្មាំការពារជាតិ ការពារលើសរភូមិព័ត៌មាន និងសាធារណមតិនៅគ្រប់ ដំណាក់កាលទាំងអស់ ដូច្នេះហើយការពង្រឹងសមត្ថភាពមន្ត្រីឱ្យកាន់តែមានសមត្ថភាពនៅក្នុងដំណាក់កាលរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) នេះ គឺជារឿងដ៏ចាំបាច់បំផុត។
នៅក្នុងឱកាសអញ្ជើញ ជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ និងបំពាក់គ្រឿងឥស្សរិយយស ព្រមទាំងមេដាយការងារជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ឲ្យដឹងទៀតថា «បើយើងនិយាយនៅក្នុងក្របខណ្ឌក្រសួងព័ត៌មាន ក្រសួងព័ត៌មានជាក្រសួងការពារជាតិកម្ពុជាលើសមរភូមិព័ត៌មាននិងសាធារណមតិ ហើយទាំងក្របខណ្ឌនៃប្រទេសជាតិស្ថិតក្នុងសង្គ្រាម និងស្ថិតក្នុងសុខសន្តិភាព តួនាទី របស់ក្រសួងព័ត៌មាន គឺមានភាពចាំបាច់ទាំងអស់»។
ឯកឧត្តមបានលើកឡើងថានៅក្នុងពេលសង្គ្រាមកិច្ចការព័ត៌មាននិង សាធារណមតិដើរតួនាទីសំខាន់ខ្លាំង ហើយនៅក្នុងពេលប្រទេសមានសុខសន្តិភាព ក៏ព័ត៌មាន មានតួនាទីសំខាន់ក្នុងការចូលរួមផ្តល់ព័ត៌មានពិតត្រឹមត្រូវ ដើម្បីចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព នយោបាយ និងសណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍដែលកម្ពុជាមាន។
ពាក់ព័ន្ធនឹងការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងព័ត៌មាន, លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែកុម្ភៈខាងមុខនេះ ប្រទេសតួគី នឹងជួយឧបត្ថម្ភគាំទ្រលើការបណ្តុះបណ្តាលធនធានមនុស្ស និងវគ្គបណ្តុះណ្តាលធនធានមនុស្សប្រមាណ ៨០វគ្គ នៅក្នុងឆ្នាំ២០២៥ ខណៈក្រសួងបាននឹងខិតខំប្រឹងប្រែងស្វែងរកប្រភពគាំទ្របន្ថែមទៀត ដើម្បីសម្រេចឱ្យបានគោលដៅពង្រឹងធនធានមនុស្សផ្នែកព័ត៌មាននៅក្នុងសម័យបច្ចេកវិទ្យាឌីជីថលនេះ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា សន្តិសុខព័ត៌មានត្រូវបានពង្រឹងក្នុងអាណត្តិទី៧ នៃក្រសួងព័ត៌មាន ហើយសណ្តាប់ធ្នាប់ផ្នែកសារព័ត៌មានត្រូវបានវាយតម្លៃថាមានភាពល្អប្រសើរក្នុងរយៈពេល១ឆ្នាំជាងមកនេះ ខណៈក្រសួងព័ត៌មានបានកសាងការទូតព័ត៌មាន ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកដោយរួមគ្នាពង្រឹងប្រសិទ្ធភាព គុណភាពព័ត៌មាន និងសន្តិសុខព័ត៌មាន ដើម្បីប្រឆាំង ព័ត៌មានក្លែងក្លាយ នៅក្នុងដំណាក់កាលបរិបទបច្ចេកវិទ្យាឌីជីថល (AI)។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា សន្តិសុខព័ត៌មាន មាន៣ចំណុចសំខាន់ គឺទី១៖ សិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ ត្រូវធានាថាប្រជាពលរដ្ឋត្រូវតែទទួលព័ត៌មាន, ទី២៖ គុណភាពព័ត៌ មាន ជាព័ត៌មានដែលបានផលិត មិនមែនជាព័ត៌មានដែលយើងផលិតបានតែប៉ុណ្ណឹងនោះទេ តែជាព័ត៌មានដែលផ្តល់នូវចំណេះដឹងមានខ្លឹមសារ ហើយធ្វើឱ្យប្រជាពលរដ្ឋទទួលបានចំណេះដឹង និងទី៣៖ សុវត្ថិភាពព័ត៌មាន ដែលជាចំណុចសំខាន់ គឺអ្វីដែលយើងបានផ្សព្វផ្សាយ និងផ្តល់ជូនប្រជាពលរដ្ឋ តើមានសុវត្ថិភាពគ្រប់គ្រាន់ហើយឬនៅ?
នៅពេលដែលបរិបទបច្ចេកវិទ្យាឌីជីថល (AI) ដែល បង្កើតបានប្រភពព័ត៌មានបានគ្រប់ទម្រង់ទាំងអស់។
រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបន្ថែមថា នៅក្នុងក្របខណ្ឌនៃការរៀបចំ និងពង្រឹងការគ្រប់គ្រង សណ្តាប់ធ្នាប់សារព័ត៌មាន ក្រសួងព័ត៌មានបានអនុវត្តទិសដៅការងារអាទិភាពក្នុងការរៀបចំប្រព័ន្ធ និងយន្តការគ្រប់គ្រងព័ត៌មាន ដើម្បីធានាលំហព័ត៌មាន និងសន្តិសុខព័ត៌មាន ព្រមទាំងបានអនុវត្តវិធានការសមស្រប ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ៕
