2025-01-22 21:39
130

 (កំពត) នៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៥ នេះលោក ស្រូន សារឿន ជាប្រជាកសិកររស់នៅឃុំកូនសត្វ ស្រុកទឹកឈូខេត្តកំពត បានបង្ហាញអំពីបទពិសោធន៍ បច្ចេកទេសក្នុងការដាំបន្លែវិលជុំ ហើយថាគាត់មិនដែលព្រួយបារម្ភរឿងទីផ្សារទេ ព្រួយតែការផលិតបន្លែមិនទាន់បានឆ្លើយតបតាមតម្រូវការ។

បន្លែសុវត្ថិភាពរបស់គាត់មាននិន្នផល និងគុណភាពខ្ពស់ ហើយបើរដូវមានទឹកស្រោចគ្រប់គ្រាន់ ក្នុងមួយខែអាចរកចំណូលបាន រង្វង់៥ពាន់ដុល្លា ។

មន្ត្រីកបច្ចេកទេសកសិកម្មបញ្ជាក់ថា ការដាំបន្លែនៅឃុំកូនសត្វ មានភាពប្រសើរឡើងទាំងបច្ចេកទេស និងបរិមាណទៅដល់ម្ចាស់ចម្ការដាំបន្លែរួមផ្សំលក់វិលជុំ លើផ្ទៃដីប្រមាណជាង៦ ហិកតា ដែលស្ថិតនៅក្នុងភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត  លោក ស្រូន សារឿន បានប្រាប់ឲ្យដឹងថា លោកបានចាប់យកមុខរបរដាំបន្លែរួមផ្សំលក់វិលជុំអស់រយៈពេល១៩ឆ្នាំកន្លងមកមក។ កាលពីមុនលោកជាអ្នកស៊ីឈ្នួលបើករថយន្តឲ្យគេ ប៉ុន្តែក្រោយពីបានទៅធ្វើការ និងសិក្សារៀនសូត្រដាំបន្លែ នៅកសិដ្ឋានរបស់ជនជាតិចិន ជាង៤ឆ្នាំ លោកស្រូន សារឿនក៏បានចេញមកដាំបន្លែរួមផ្សំដោយខ្លួនឯង។ ដំបូងចាប់ផ្តើមដាំលើទំហំ ៤០០ម៉ែត្រការ៉េ ហើយក៏ចេះតែពង្រីក ដល់ជាង១០ហិកតា។ ហើយសម្រាប់ចូលឆ្នាំចិននេះ គាត់បានដាំបន្លែវិលជុំលើដី៦ហិកតា។ 

 លោក ស្រូប សារឿន ជាប្រជាកសិករបានបញ្ជាក់ឱ្យដឹងថា សម្រាប់រូបគាត់ កត្តាទឹកជាបញ្ហាចម្បងបំផុត ប្រសិនបើយើងមានទឹកស្រោចស្របគ្រប់គ្រាន់នៅក្នុងមួយខែរូបគាត់អាចរកចំណូលបានរង្វង់៥ពាន់ដុល្លា។

ជាមួយគ្នានោះមន្ត្រីបច្ចេកទេសកសិកម្មឃុំកូនសត្វបានបញ្ជាក់ដែរថា ឃុំកូនសត្វ គឺជាឃុំដែលមានសក្តានុពលលើការដាំដុះបន្លែតាំងពីជំនាន់ដូនតាមកម៉្លេះ។

មន្ត្រីជំនាញបច្ចេកទេសបានលើកឡើងថានាបច្ចុប្បន្ននេះ នៅក្រោមការយកចិត្តរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម ជាពិសេសនោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ការដាំបន្លែមានភាពល្អប្រសើរទាំងបច្ចេកទេស និងបរិមាណខ្ពស់ ហើយលោកនឹងបន្តខិតខំជួយជំរុញឲ្យកាន់តែប្រសើរថែមទៀត។

បើយោងតាមមន្ត្រីជំនាញបច្ចេកទេសរូបនោះលោកបានបញ្ជាក់ថាបាននិងកំពុងប្រមូលប្រជាកសិករដើម្បីចង់ក្រងបង្កើតជាសហគមន៍បន្លែមួយនៅក្នុងឃុំកូនសត្វ ដើម្បីអាចផ្គត់ផ្គង់បន្លែរួមតផ្សំជាច្រើនប្រភេទ និងធានាតម្លៃទីផ្សារបន្លែ ជូនដល់ប្រជាកសិករទូទាំងឃុំនៅក្នុងស្រុកទឹកឈូខេត្តកំពតផងដែរ៕