
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានអនុញ្ញាតឱ្យលោក Hans Risser នាយកទីភា្នក់ងារជំនួយប្រជាពលរដ្ឋន័រវេសប្រចាំកម្ពុជា (NPA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន។
ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានអរគុណចំពោះទំនាក់ទំនង និងមិត្តភាពយូរអង្វែងរវាងប្រទេសកម្ពុជា និងន័រវេស ព្រមទាំងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនន័រវេសដែលតែងតែផ្តល់ការគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា រួមទាំងវិស័យសកម្មភាពមនុស្សធម៌ និងការកសាងសមត្ថភាពដល់មន្រ្តីបុគ្គលិកសកម្មភាពមីនផងដែរ ក្នុងនោះទីភ្នាក់ងារNPA គឺជាដៃគូមួយយ៉ាងសំខាន់សម្រាប់វិស័យសកម្មភាពមីន។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានអរគុណដល់ប្រទេសន័រវេសដែលបានផ្តល់ការគាំទ្រដល់ភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា រហូតដល់ទទួលបានជោគជ័យ។
តំណាងរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឱ្យទីភ្នាក់ងារ NPA បន្តគាំទ្រដល់ដល់គម្រោងអភិវឌ្ឍន៍សមត្ថភាពរបស់អាជ្ញាធរមីន ជំនួយបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងគាំទ្រដល់ដំណើរការរៀបចំគោលនយោបាយជាតិសកម្មភាពមីន និងសំណើសុំពន្យាពេលបោសសម្អាតមីនលើកទី៣របស់កម្ពុជា ដែលអាជ្ញាធរមីន សហការជាមួយដៃគូពាក់ព័ន្ធកំពុងរៀបចំ និងគ្រោងអនុម័តនាចុងឆ្នាំ២០២៥នេះ។
លោក Hans Risser នាយក NPA ប្រចាំកម្ពុជា បានសម្តែងការអបអរសាទរចំពោះភាពជោគជ័យរបស់កម្ពុជា ក្នុងភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ និងបានអះអាងបន្តគាំទ្រដល់គម្រោងអភិវឌ្ឍន៍សមត្ថភាព ប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងមន្រ្តីត្រួតពិនិត្យគុណភាពបោសសម្អាតមីនរបស់អាជ្ញាធរមីន។ មុននឹងបញ្ចប់ នាយក NPA ប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់អាជ្ញាធរមីនដែលបានផ្តល់នូវការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដល់បេសកម្មការងាររបស់ទីភ្នាក់ងារ NPA ប្រចាំកម្ពុជា៕
