2025-01-22 16:01
153

នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) បានអញ្ជើញដឹកនាំ សមាជិក សមាជិកា គណៈកម្មការ ជួបប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្ដម ប៉ែន កុសល្យ  អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ  ដើម្បីឈ្វេងយល់ពីស្ថានភាពទូទៅរបស់ខេត្ត និងរបាយការណ៍វឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារពាក់ព័ន្ធនឹងវិស័យទាំង៤ រួមមាន៖ វិស័យអប់រំ សាសនា វប្បធម៌ និងទេសចរណ៍ នៅសាលប្រជុំ(ក)សាលាខេត្តត្បូងឃ្មុំ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) បានបញ្ជាក់ថា ៖ កិច្ចប្រជុំនេះ មិនមែនជាការចុះមកត្រួតពិនិត្យ អធិការកិច្ច ឬសួរដេញដោលថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរជំនាញនោះទេ គោលបំណងសំខាន់គឺឈ្វេងយល់ ដើម្បីប្រមូលព័ត៌មាន និងបញ្ហាប្រឈមនានា ក្នុងការប្រតិបត្តិច្បាប់នៅមូលដ្ឋាន។ 

នាឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានធ្វើរបាយការណ៍ពាក់ព័ន្ធការអភិវឌ្ឍន៍រីកចម្រើនរបស់រដ្ឋបាលខេត្ត វិស័យអប់រំ និងកីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍នៅក្នុងខត្ត សម្រេចបាននាពេលកន្លងទៅ ទទួលបានលទ្ធផលផ្លែផ្កាយ៉ាងល្អប្រសើរ ការរីកចម្រើនបោះជំហ៊ានឈានទៅមុខ ក៍ដូចជាបង្ហាញពីផែនការ និងយុទ្ធសាស្ត្រ ចក្ខុវិស័យឆ្ពោះទៅមុខជាបន្តបន្ទាប់ទៀត។

ថ្នាក់ដឹកនាំរដ្ឋបាលខេត្តត្បូងឃ្មុំ  ព្រមទាំងមន្ទីរជំនាញ បានរាយការណ៍ដោយសង្ខេបជូនគណៈកម្មការទី៧ នៃរដ្ឋសភា នូវស្ថានភាពទូទៅ លទ្ធផលការងារដែលសម្រេចបាន និងពិភាក្សាពីការអនុវត្តច្បាប់ បញ្ហាប្រឈម និងសំណូមពរ ពាក់ព័ន្ធនិងវិស័យខាងលើផងដែរ។ 

លើសពីនេះ ខេត្តបានអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ហើយខេត្តក៏បានលើកកម្ពស់វិស័យអប់រំ សាសនា រក្សាសុខដុមនីយកម្មសាសនា និងការអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស។ 

ជាមួយគ្នានោះ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានថ្លែងនូវការកោតសរសើរដល់អាជ្ញាធរខេត្ត ដែលបានប្រតិបត្តិតាមតួនាទីនិងភារកិច្ចសម្រេចបាននូវវឌ្ឍនភាពរីកចម្រើនលើគ្រប់វិស័យ។

ឯកឧត្តម ប៉ា សុជាតិវង្ស បានបន្តថា កិច្ចប្រជុំឈ្វេងយល់នៅពេលនេះ គណៈកម្មការទី៧ នៃរដ្ឋសភា បានក្តាប់នូវបញ្ហាប្រឈមនានារបស់រដ្ឋបាលខេត្ត និងវិស័យជំនាញ ដែលខេត្តបានអនុវត្តកន្លងមកបានជួបបញ្ហាមួយចំនួន។ ម្យ៉ាងទៀត ចំពោះសំណូមពរ និងបញ្ហាប្រឈមនានា ដែលមន្ទីរជំនាញលើកឡើង គណៈកម្មការទី៧ នៃរដ្ឋសភា នឹងធ្វើរបាយការណ៍ជម្រាបជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជូនយោបល់ទៅក្រសួងពាក់ព័ន្ធផងដែរ។